ភាពសុខសាន្តនៃភូមិប្រូតេស្តង់ Na Ca ខេត្ត Cao Bang

(VOVWORLD) - ភូមិ Na Ca ស្ថិតនៅទីរួមស្រុក Pac Miau ស្រុក Bao Lam ខេត្ត Cao Bang។ នៅក្នុងភូមិមានគ្រួសារចំនួនជាង ១៥០ គ្រួសារ ដែលមានចំនួនប្រជាជនជាង ៨៣០ នាក់ ភាគច្រើនជាជនជាតិ Mong និងជនជាតិ Dao។ ប្រជាជនភាគច្រើននៅទីនេះ កាន់សាសនាប្រូតេស្តង់ (Tin Lanh) ហើយរួមគ្នាកសាងភូមិឲ្យកាន់តែសុខសាន្តនិងសុភមង្គល។

ភាពសុខសាន្តនៃភូមិប្រូតេស្តង់ Na Ca ខេត្ត Cao Bang - ảnh 1ប្រជាសាសនិកចូលរួមសកម្មភាពសាសនានៅក្រុមប្រូតេស្តង់ជនជាតិ Mong ភូមិ Na Ca។ (រូបថត៖ Ngoc Anh)

ភូមិ Na Ca មានក្រុមប្រូតេស្តង់ចំនួន ២ នោះគឺក្រុមប្រូតេស្តង់ជនជាតិ Mong និងក្រុមប្រូតេស្តង់ជនជាតិ Dao។ សកម្មភាពសាសនារបស់ក្រុមទាំងពីរសុទ្ធតែប្រតិបត្តិតាមច្បាប់។ អាជ្ញាធរមូលដ្ឋានក៏តែងតែបង្កើតលក្ខខណ្ឌអំណោយផលដល់ប្រជាពលរដ្ឋក្នុងការធ្វើសកម្មភាពសាសនាផងដែរ។ លោក Ma The Sy ប្រធានគណៈកម្មាធិការប្រជាជនទីរួមស្រុក Pac Miau បានឲ្យដឹងថា៖

“ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន អាជ្ញាធរបានណែនាំបែបបទសម្រាប់ការចុះបញ្ជីធ្វើសកម្មភាពសាសនាប្រមូលផ្ដុំ។ ក្រោយពីទទួលបានការណែនាំ ប្រធានក្រុមអនុវត្តន៍តាមបែបបទដើម្បីចុះឈ្មោះជាមួយអាជ្ញាធរ។ ជារៀងរាល់ឆ្នាំ ក្រុមចុះបញ្ជីធ្វើសកម្មភាពជាក់ស្ដែង ឲ្យអាជ្ញាធរមូលដ្ឋានអនុម័ត និងរៀបចំការអនុវត្ត។ យើងខ្ញុំក៏បានឧបត្ថម្ភប្រជាជនភូមិ Na Ca នូវថវិកាចំនួន ៣ ពាន់លានដុង (ជាង ១២០ ពាន់ដុល្លារអាមេរិក) ដោយផ្តោតលើការកសាងផ្លូវនិងកូនឈើពូជ”។

ភាពសុខសាន្តនៃភូមិប្រូតេស្តង់ Na Ca ខេត្ត Cao Bang - ảnh 2ពិធីបង្ហាញមុខគំរូ "ក្រុមសាសនាគ្រប់គ្រងសន្តិសុខនិងសណ្តាប់ធ្នាប់ដោយខ្លួនឯង"។

កាលពីខែមិថុនាកន្លងទៅ គណៈកម្មាធិការប្រជាជនទីរួមស្រុក Pac Miauបានបង្ហាញមុខគំរូ "ក្រុមសាសនាគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ដោយខ្លួនឯង"។ គំរូនេះជួយឱ្យប្រជាពលរដ្ឋកាន់សាសនាកាន់តែមានសាមគ្គីភាព យល់ច្បាស់អំពីព័ត៌មានទាក់ទងនឹងជំនឿសាសនា ក៏ដូចជាបទប្បញ្ញត្តិផ្សេងៗទៀត។ នៅភូមិ Na Ca គំរូក្រុមសាសនាគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ដោយខ្លួនឯង របស់ក្រុមប្រូតេស្តង់ជនជាតិ Mong រួមមានមនុស្ស ៦ នាក់ ដឹកនាំដោយលោក Hoang Van Sung ប្រធានក្រុម។ លោក Hoang Van Sung បានឲ្យដឹងថា៖

“គំរូក្រុមសាសនាគ្រប់គ្រងក្រុមសន្តិសុខ និងសណ្តាប់ធ្នាប់ដោយខ្លួនឯង គឺសំដៅបង្កើនតួនាទីគ្រប់គ្រងរបស់មន្ត្រីសាសនាក្នុងក្រុមនោះ ដើម្បីលើកកម្ពស់កម្លាំងចម្រុះរបស់ប្រជាជនគ្រប់ស្រទាប់ ចូលរួមការពារសន្តិសុខមាតុភូមិ។ ហើយឃោសនាដល់អ្នកកាន់សាសនាអំពីគោលនយោបាយ និងច្បាប់របស់រដ្ឋ បទប្បញ្ញត្តិអំពីជំនឿសាសនា និងការកសាងជនបទថ្មីផងដែរ”។

ភាពសុខសាន្តនៃភូមិប្រូតេស្តង់ Na Ca ខេត្ត Cao Bang - ảnh 3ពិធីប្រគល់ជូនគម្រោង "ពន្លឺសន្តិសុខ"។

ដោយសារតែនៅតំបន់ឆ្ងាយដាច់ស្រយាល ការធ្វើដំណើរជួបការលំបាកជាច្រើន ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនចូលរួមសកម្មភាពសាសនា  នគរបាលស្រុក Bao Lam បានលើកសំណើរហើយទទួលបានការយល់ព្រមពីថ្នាក់ដឹកនាំនគរបាលខេត្ត Cao Bang ដោយផ្ដល់ថវិកាដើម្បីអនុវត្តន៍គម្រោង "ពន្លឺសន្តិសុខ” សម្រាប់ក្រុមប្រូតេស្តង់ចំនួន ៣ នៅក្នុងស្រុក រួមមាន៖ ក្រុមប្រូតេស្តង់ជនជាតិ Mong នៅភូមិ Na Ca ទីរួមស្រុក Pac Miau; ក្រុមប្រូតេស្តង់ជនជាតិ Dao ភូមិ Na Heng ឃុំ Nam Quang; ក្រុមប្រូតេស្ដង់ Khuoi Duong ភូមិ Na Heng ឃុំ Nam Quang ជាមួយនឹងបរិមាណអំពូលសូឡាសរុបចំនួន ៤០។ កាលពីមុន ពេលដែលមិនទាន់មានភ្លើង ប្រជាពលរដ្ឋជួបការលំបាកជាច្រើនក្នុងការធ្វើដំណើរ ប៉ុន្តែនៅពេលដែលមានភ្លើងហើយ ប្រជាពលរដ្ឋធ្វើដំណើរកាន់តែងាយស្រួល ហើយមានលក្ខខណ្ឌអំណោយផលសម្រាប់ធ្វើពលកម្ម និងផលិតកម្មផងដែរ។ គម្រោង "ពន្លឺសន្តិសុខ" ត្រូវបានអនុវត្តន៍ដំបូងគេនៅក្នុងភូមិ Na Ca។

ការយកចិត្តទុកដាក់ និងការគាំទ្ររបស់អាជ្ញាធរមូលដ្ឋាន ជួយឱ្យប្រជាជននឹងនរចិត្តធ្វើផលិតកម្ម បង្កបង្កើនផល រួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច។ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងទាំងខាងសម្ភារៈ និងខាងស្មារតី។ លោក Hoang Duc Lanh រស់នៅភូមិ Na Ca បានឲ្យដឹងថា៖

“សកម្មភាពសាសនាប្រព្រឹត្តទៅជារៀងរាល់ថ្ងៃអាទិត្យ។ បងប្អូនមកច្រៀងចំរៀងសាសនា អានព្រះគម្ពីរ និងស្តាប់ធម្មទេសនា។ បើអ្នកកាន់សាសនាប្រូតេស្តង់ អ្នកត្រូវតែបោះបង់អំពើអាក្រក់។ ក្នុងឱកាសបុណ្យណូអែល ថ្នាក់ដឹកនាំទីរួមស្រុក និងស្រុកក៏មកចូលរួមទទួលអំណរផងដែរ។ គ្រួសារខ្ញុំចិញ្ចឹមគោ ជ្រូក ធ្វើស្រែចំការ ហើយមានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ហូបចុកនិងរស់នៅ។ អាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ ជួយគ្រួសារក្រីក្រខ្ចីទុនសម្រាប់ផលិតកម្ម និងអាជីវកម្ម សាងសង់ផ្លូវតូចៗសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរបានយ៉ាងងាយស្រួល”។

ដោយមានការយកចិត្តទុកដាក់ និងការណែនាំពីអាជ្ញាធរមូលដ្ឋាន ប្រជាជន និងប្រជាសាសនិកនៅភូមិ Na Ca បានចូលរួមយ៉ាងសកម្មក្នុងចលនាសន្តិសុខសង្គមដែលបំផុសឡើងដោយមូលដ្ឋាន រស់នៅល្អទាំងខាងផ្លូវលោក និងផ្លូវធម៌ និងរួមចំណែកកសាងភូមិសាសនាប្រកបដោយភាពសុខសាន្តត្រាណនិងសម្បូរធូធារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ