ភូមិ Buoc - ទីកន្លែងថែរក្សាតម្លៃវប្បធម៌របស់ជនជាតិ Thai

(VOVWORLD) - ភូមិ Buoc នៅឃុំ Kham Xoe ស្រុក Mai Chau ខេត្ត Hoa Binh ភាគខាង ជើងវៀតណាមជាទីកន្លែងដែលមានទេសភាពធម្មជាតិរហោស្ថានដ៏ស្រស់បំព្រង ព្រមទាំងជាទីស្នាក់អាស្រ័យរបស់ជនជាតិ Thai ផងដែរ។ កាលពីឆ្នាំ២០០៧ ភូមិ Buoc ត្រូវបានកែប្រែអោយក្លាយទៅជាតំបន់ទេសចរណ៍អេកូឡូស៊ី ហើយបានទាក់ ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនាទេសភាព ធម្មជាតិស្រស់ស្អាតក៏ដូចជាស្វែងយល់អំពីតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនរួមជាតិនៅទីនេះទៀតផង។
ភូមិ Buoc - ទីកន្លែងថែរក្សាតម្លៃវប្បធម៌របស់ជនជាតិ Thai - ảnh 1របាំពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Thai (រូបថត៖ maichautrip.com) 

ភូមិ Buoc ស្ថិតនៅលើចង្កេះភ្នំដែលបានហុំព័ទ្ធដោយវាលស្រែកាំជណ្ដើរយ៉ាង ស្អាត។ នៅក្នុងភូមិនេះនៅសេសសល់ផ្ទះឈើបុរាណជាច្រើនខ្លាំង។ បងប្អូនជនជាតិ Thai នៅភូមិនេះក៏ទទួលមរតកនូវបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍ និងលក្ខណៈវប្បធម៌ស្មារតីដ៏សម្បូរបែប ដោយមានសកម្មភាពប្រចាំថ្ងៃ ទំនៀម ទំលាប់និងពិធីបុណ្យនានាដែលត្រូវបានបន្សល់ទុកមកតាំងពីជីដូនជីតា។ ប្រជាជន នៅទីនេះសុទ្ធតែមោទនៈយ៉ាងខ្លាំងណាស់ចំពោះប្រភពដើមនៃភូមិ។ លោក Ha Hien Nhien អ្នកភូមិម្នាក់បានអោយដឹងថា៖

        “ក្នុងចន្លោះពីចុងសតវត្សទី១៣ទៅដើមសតវត្សទី១៤ ទើបមានមនុស្សមក ដល់ទីនេះរស់នៅ។ អ្នកដំបូងមានឈ្មោះថា Buoc។ ក្រោយនោះ ដើម្បីរំលឹកគុណ បំណាច់របស់ស្ថាបនិកភូមិរូបនេះ អ្នកភូមិបានយកឈ្មោះរបស់គាត់ធ្វើជាឈ្មោះ របស់ភូមិដែរ។ អ្នកភូមិក៏បានកសាងទីសក្ការៈបូជា ហើយ នាថ្ងៃទី១១ ខែមិកសិរ ជារៀងរាល់ឆ្នាំ អ្នកភូមិសុទ្ធតែមកអុជធូបដើម្បីរំលឹកគុណរបស់ស្ថាបនិកភូមិ”។

        កាលពីឆ្នាំ២០០៧ ភូមិ Buoc ត្រូវបានកែប្រែអោយក្លាយទៅជាភូមិ ទេសចរណ៍តាមបែប ហូមស្ទេ។ ចាប់តាំងពីពេលនោះមក មានភ្ញៀវទេសចរទាំង ជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករបានមកដល់ទីនេះដើម្បីគយគន់ទេសភាពធម្មជាតិដ៏ស្រស់ស្អាតក៏ដូចជាសម្របខ្លួនទៅក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនជនជាតិ Thai ផងដែរ។ លោកស្រី Ha ភ្ញៀវទេសចរម្នាក់នៅរដ្ឋធានីហាណូយបានចែករំលែកថា៖

        “នៅទីនេះមានទេសភាពធម្មជាតិស្អាតអស្ចារ្យណាស់ ដោយមានព្រៃឈើ រហោស្ថាន ជួរភ្នំខ្ពស់ទាប ជាពិសេសគឺវាលស្រែធំល្វឹងល្វើយទៀតផង។ ទេស ភាពស្រស់ស្អាតទាំងនោះ មិនមែនជាតំបន់ណាក៏មានឡើយ។ ហើយមនុស្ស និងវប្បធម៌នៅទីនេះក៏ស្អាតអញ្ចឹងដែរ។ ទាំងអស់នោះបានបង្កើតឡើងផ្ទាំងគំនូរដ៏រស់ រវើកដើម្បីយើងគយគន់និងស្វែងយល់”។

ភូមិ Buoc - ទីកន្លែងថែរក្សាតម្លៃវប្បធម៌របស់ជនជាតិ Thai - ảnh 2 ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់នៅស្រុក Mai Chau

       នាសព្វថ្ងៃ នៅភូមិ Buoc មានទីស្នាក់នៅចំនួន១៥កន្លែង។ ភ្ញៀវទេសចរអាច ស្នាក់នៅទីនេះក្នុងរយៈពេលច្រើនថ្ងៃ សូម្បីតែពី២ទៅ៣ខែក៏បានដែរ។ ក្នុងរយៈ ពេលស្នាក់នៅទីនេះ គេអាចស្វែងយល់អំពីទំនៀមទំលាប់ធ្វើស្រែរបស់អ្នកភូមិ ហើយចូលរួមដោយផ្ទាល់ខ្លួនក្នុងសកម្មភាពផលិតកម្មទៀតផង។ ក្រៅពីនោះ ភ្ញៀវទេសចរអាចស្វែងយល់អំពីរបរត្បាញចរបាប់របស់នារីជនជាតិ Thai ហើយ ឡើងភ្នំគយគន់ទេសភាព ឬក៏ចូលរួមពិធីបុណ្យនិងទទួលទានម្ហូបអាហារដ៏ វិសេសវិសាលរបស់បងប្អូនជនជាតិ Thai ផងដែរ។ ដើម្បីលើកស្ទួយជីវភាពរបស់ ជនជាតិ Thai ហើយទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ភូមិ Buoc បានបង្កើត ក្រុមសិល្បៈចំនួន៣ក្រុម ដើម្បីសម្ដែងឈុតវប្បធម៌សិល្បៈដ៏ពោរពេញទៅដោយ អត្តសញ្ញាណរបស់ជនជាតិខ្លួន។ លោកស្រី Ha Thi Hoa ប្រធានការិយាល័យ វប្បធម៌ស្រុក Mai Chau បានអោយដឹងថា៖

        “សកម្មភាពទាំងនេះមានអត្ថន័យដ៏ជ្រាលជ្រៅ នោះគឺរក្សាបាននូវប្រពៃណី វប្បធម៌នៅតំបន់ផង ព្រមទាំងឧទ្ទេសនាមចំពោះភ្ញៀវទេសចរអំពីលក្ខណៈ វប្បធម៌ប្រជាប្រិយរបស់ជនជាតិ Thai ក៏ដូចជាជនជាតិផ្សេងៗមួយចំនួននៅស្រុក Mai Chau ទៀតផង”។

        ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានឧត្តមភាពដោយឡែករបស់ខ្លួន ភូមិ Buoc បាននិងកំពុងដំណើរការសកម្មភាពជាច្រើនដោយផ្សាភ្ជាប់នឹងរាល់តម្លៃវប្បធម៌ របស់ជនជាតិខ្លួន ដើម្បីបម្រើភ្ញៀវទេសចរ។ នាពេលមកដល់ភូមិ Buoc ម្ដងៗ ភ្ញៀវទេសចរនឹងសម្របខ្លួនចូលក្នុងបរិយាកាសសប្បាយរីករាយនៃភូមិស្រុក ហើយពិសេសគឺបានកំសាន្តសិល្បៈប្រជាប្រិយនិងម្ហូបអាហារឈ្ងុយឆ្ងាញ់របស់សហ គមន៍ជនជាតិ Thai ទៀតផង។ សកម្មភាពទាំងនោះបានបន្សល់ទុកមកនូវការ ចាប់អារម្មណ៍ជាច្រើនដែលមិនអាចបំភ្លេចបានឡើយចំពោះភ្ញៀវទេសចរម្នាក់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ