ភូមិ Nhot ឃុំ Na Phon ខេត្ត Hoa Binh អភិវឌ្ឍន៍ទេសចរណ៍
(VOVWORLD) - ភូមិ Nhot ឃុំ Na Phon មានចម្ងាយប្រហែល ៤ គីឡូម៉ែត្រពីទីរួមខេត្ត Mai Chau ខេត្ត Hoa Binh ភាគខាងលិច ហើយជាកន្លែងស្នាក់អាស្រ័យរបស់បងប្អូនជនជាតិ Thái។ ស្ថិតនៅកណ្តាលជ្រលងភ្នំ ដែលហ៊ុំព័ទ្ធដោយព្រៃភ្នំដ៏ធំសម្បើម ភូមិ Nhot គឺជាភូមិស្រុកតូចមួយដ៏ស្រស់ស្អាត។ កន្លែងនេះបានរក្សាទុកនូវលក្ខណៈស្ថាបត្យកម្ម និងវប្បធម៌ ប្រពៃណីរបស់ជនជាតិ Thái ដូច្នេះហើយនេះគឺជាទីកន្លែងគួឲ្យចង់ទៅទស្សនាស្វែងយល់ផងដែរ។
ប្រជាពលរដ្សម្តែងរបាំឫស្សីស្វាគមន៍ភ្ញៀវទេសចរ។ រូបថត៖ VOV |
ភូមិ Nhot (ឃុំ Na Phon) បានតភ្ជាប់ជាមួយភូមិ Lac (ឃុំ Chieng Chau) និងភូមិ Poom Cong (ទីរួមស្រុក Mai Chau) បង្កើតបានជាត្រីកោណទេសចរណ៍ក្នុងស្រុក Mai Chau ។ អញ្ជើញមកដល់ភូមិ Nhot ភ្ញៀវទេសចរក៏បានចាប់អារម្មណ៍ភ្លាមៗជាមួយនឹងទេសភាពដ៏ធំល្វឹងល្វើយ និងពោរពេញទៅដោយពណ៌ខៀវស្រងាត់។ នេះគឺជាពណ៌ខៀវនៃវាលស្រែចំការ ព្រមទាំងជាពណ៌ខៀវរបស់ជួរភ្នំ ដែលកំពុងលាក់ខ្លួននៅកណ្ដាលមេឃ។ ដោយសារសណ្ឋានដីនៅទីនេះមានលក្ខណៈរាបស្មើ ដូច្នេះហើយប្រជាជនមិនដាំស្រូវតាមបែបវាលស្រែជម្រាលភ្នំដូចនៅ Sa Pa, Hoang Su Phi ឬ Mu Cang Chai ឡើយ ពោលគឺវាលស្រែត្រូវបែងចែកជារាងការ៉េ និងចតុកោណ បង្កើតឡើងទេសភាពភូមិជនបទដ៏សុខសាន្ត និងមនោរម្យ។ ក្នុងភូមិ ផ្ទះឈើផុតពីដីបែបប្រពៃណីរបស់ជនជាតិ Thái ជាប់ៗគ្នា ដោយបានតម្លើងពីសសរឈើធំៗ ជញ្ជាំងឬស្សី និងប្រក់ស្លឹកផ្ដៅដ៏សាមញ្ញ។ អញ្ជើញមកទស្សនាភូមិ Nhot អ្នកស្រី Ambra Manera ភ្ញៀវទេសចរជនជាតិអ៊ីតាលីម្នាក់បានសម្ដែងថា៖
“យើងខ្ញុំស្រឡាញ់ទីកន្លែងនេះ ស្រឡាញ់ភូមិតូចៗដ៏ស្រស់ស្អាត និងសុខសាន្ត។ នៅទីនេះ ខ្ញុំអាចដើរលេងកម្សាន្តពីភូមិមួយទៅភូមិមួយផ្សេងទៀត។ វប្បធម៌នៅទីនេះមានលក្ខណៈដ៏វិសេសវិសាល និងចាប់អារម្មណ៍ណាស់។ ប្រជាជននៅទីនេះរួសរាយរាក់ទាក់ ហើយតែងតែញញឹមត្រៀមខ្លួនជាស្រេចទទួលភ្ញៀវទេសចរផងដែរ”។
អញ្ជើញមកដល់ភូមិ Nhot ក្រៅពីបានគយគន់ទេសភាពធម្មជាតិស្រស់បំព្រង ភ្ញៀវទេសចរក៏អាចស្វែងយល់អំពីរបរតម្បាញចរបាប់របស់បងប្អូនប្រជាជននៅទីនេះ និងរបស់របរដែលធ្វើពីចរបាប់ ដើម្បីទុកធ្វើជាការដូរ។ ទីកន្លែងនេះក៏មានម្ហូបអាហារសម្បូរបែប ពោរពេញទៅដោយរស់ជាតិនៃតំបន់ព្រៃភ្នំភាគពាយ័ព្យ ដូចជា៖ សាច់ជ្រូក និង មាន់អាំង។ ជាពិសេស នៅពេលមកដល់ទីនេះ ភ្ញៀវទេសចរបានទស្សនាការសម្ដែងរបាំ Keng Loong ជារបាំដ៏វិសេសវិសាលរបស់ជនជាតិ Thai ដែលត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ អញ្ជើញមកដល់ភូមិ Nhot ភ្ញៀវទេសចរក៏បានទស្សនារបាំ Sap ឬស្ដាប់ទំនុកចម្រៀង Khap ប្រពៃណីរបស់ជនជាតិ Thai ផងដែរ។ សិល្បការិនីឆ្នើម Ha Thi Bich ជនជាតិ Thai ម្នាក់ នៅឃុំ Na Phon បានឲ្យដឹងថា៖
“ទំនុកចម្រៀង Khap មានចង្វាក់ដាច់ដោយឡែករបស់ជនជាតិ Thai ហើយមានតាំងពី ច្រើនជំនាន់មកហើយ ដែលមរតកដល់បងប្អូនប្រជាជនពីជំនាន់មួយទៅជំនាន់មួយ។ ឈុតសម្តែង Khap លើកសរសើរអំពីជនបទរបស់ជនជាតិ Thai ពិពណ៌នាទេសភាពវាលស្រែ និងកោតសរសើរសម្រស់ភូមិស្រុក។ យើងបានបង្កើតក្លឹប Khap ជាមួយសមាជិកជាង ៣០ នាក់ មានទាំងប្រុសទាំងស្រីគ្រប់វ័យ។ យើងខ្ញុំបានជ្រើសរើសមនុស្ស ដែលមានទេពកោសល្យ ហើយមានទឹកចិត្តខិតខំប្រឹងប្រែង។ ក្លឹប Khap តែងតែទៅសម្តែងនៅថ្ងៃឈប់សម្រាក បុណ្យទាន ឬពិធីមង្គលការ ទារកទើបកើត ឬពិធីឡើងផ្ទះថ្មីផងដែរ”។
ជ្រុងមួយនៃឃុំ Na Phon ស្រុក Mai Chau ខេត្ត Hoa Binh មើលពីលើ។ រូបថត៖ VOV |
ឃុំ Na Phon បានធ្វើអាជីវកម្មលក្ខណៈដ៏វិសេសវិសាលនៃសំលៀកបំពាក់ ផ្ទះសម្បែង ម្ហូបអាហារ ចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ផលិតផលចរបាប់ឲ្យក្លាយទៅជាផលិតផលទេសចរណ៍ដ៏វិសេសវិសាលទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ ក្រៅពីនោះ នាបច្ចុប្បន្ន ឃុំ Na Phon មានផ្ទះ homestay ចំនួន ១៩ តំបន់សម្រាកលំហែកាយចំនួន ២ និងកីតម្បាញចរបាប់ចំនួន ១០០។ លោក Ha Van Ngan លេខារងគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ Na Phon បានមានប្រសាសន៍ថា៖ “យើងខ្ញុំបានកំណត់ការអភិវឌ្ឍន៍ទេសចរណ៍សេវាកម្មឲ្យក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ។ កសាងគំរូអភិវឌ្ឍន៍ទេសចរណ៍អេកូឡូស៊ីនៅលើភូមិសាស្ត្រឃុំផ្សារភ្ជាប់នឹងវប្បធម៌តំបន់។ កាលពីមុនអត្រាគ្រួសារក្រីក្ររបស់ឃុំគឺខ្ពស់ណាស់។ នាឆ្នាំ ២០២២ ឃុំមានគ្រួសារក្រីក្រចំនួន ១៨៣ គ្រួ ប៉ុន្តែនាឆ្នាំ ២០២៣ ឃុំបានកាត់បន្ថយគ្រួសារក្រីក្រមកត្រឹម ៨៣ គ្រួ ពោលគឺកាត់បន្ថយជាង ១០% ។ ដើម្បីថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិ Thai ឃុំបានបង្កើតក្លឹមសិល្បៈចំនួន ២ ផងដែរ”។
ភូមិ Nhot បានទាក់ទាញភ្ញៀវទេសចរពីទេសភាពធម្មជាតិដ៏ស្រស់បំព្រងអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ វប្បធម៌ដ៏វិសេសវិសាល ម្ហូបអាហារសម្បូរបែប។ អញ្ជើញទស្សនា ភូមិ Nhot គឺជាបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវទេសចរ។ ភូមិ Nhot កំពុង "ផ្លាស់ប្តូរមុខមាត់" ដោយការអភិវឌ្ឍទេសចរណ៍សហគមន៍ផងដែរ៕