ភូមិភាជន៍ Thanh Ha

(VOVWORLD) - ស្ថិតនៅចម្ងាយ ៣ គីឡូម៉ែត្រប៉ែកខាងលិចទីក្រុង Hoi An នៅខាងក្បែទន្លេ Thu Bon ភាពស្អាតសាមញ្ញនៃភូមិភាជន៍ Thanh Ha ចំណុះសង្កាត់ Thanh Ha បង្កើតឡើងចំណុចគួរឲ្យទាក់ទាញដោយឡែកសំរាប់ទីក្រុង Hoi An និងមនុស្សម្នានៅតំបន់ដី Quang Nam (ភាគកណ្ដាលវៀតណាម) ។ មុខរបរផលិតភាជន៍នៅភូមិ Thanh Ha ត្រូវបានប្រសូត្រឡើងពីសតវត្សទី ១៥។ ពីយូរយាណាស់មកហើយ ភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសរួមជាមួយអ្នកស្រឡាញ់ភាជន៍តែងមកទស្សនាភូមិភាជន៍ Thanh Ha ក្នុងដំណើរទស្សនានៅទីក្រុង Hoi An។
ភូមិភាជន៍ Thanh Ha - ảnh 1 ភូមិភាជន៍ Thanh Ha

(VOVworld) - រូបភាពមុនដំបូងដែលយើងជួបប្រទះពេលបោះជំហានចូលភូមិភាជន៍ Thanh Ha គឺផ្លូវតូចៗដែលត្រូវបានក្រាលឥដ្ឋក្រហម ដំបូលផ្ទះទាំងអស់ត្រូវបានប្រក់ក្បឿងដែលសិប្បករនៅទីនេះផលិតបាន។ បណ្ដាហាងលក់ភាជន៍ដែលស្ថិត សងខាងជាប់គ្នារដិត តាំងបង្ហាញផលិតផលភាជន៍គ្រប់ប្រភេទវិសេសវិសាលនៅ ទីនេះ។ ភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសមកទស្សនានៅភូមិភាជន៍ Thanh Ha ជាច្រើនកុះករ។           

        ប្រសិនបើ ផលិតផលភាជន៍នៃភូមិ Tho Ha ខេត្ត Bac Giang ត្រូវបានធ្វើពី ដីឥដ្ឋខៀវ ភាជន៍ភូមិ Bat Trang នៅទីក្រុងហាណូយប្រើប្រាស់ដីឥដ្ឋស ភាជន៍ភូមិ Phu Lang ខេត្ត Bac Ninh ប្រើប្រាស់ដីឥដ្ឋលឿង នោះគឺភាជន៍ ភូមិ Thanh Ha  ត្រូវបានធ្វើពីដីឥដ្ឋត្នោតនៃទន្លេ Thu Bon ដែលមានចរិតលក្ខណៈ ស្អិតនិងជាប់គ្នាខ្លាំង។          ដោយមានបច្ចេកទេសពិសេសក្នុងការរៀបចំដីនិងរបៀបសូន ផលិតផល ភាជន៍ Thanh Ha មិនត្រឹមតែជាប់បានយូរប៉ុណ្ណោះទេថែមទាំងរលើបរលោង ដូចលាបថ្នាំ ទៀតផង ទោះបីជាផលិតផលនៅទីនេះសុទ្ធតែជាកុលាលភាជន៍។ ចំណុចលេចធ្លោនៃកុលាលភាជន៍ភូមិ Thanh Ha គឺស្រាលជាងបើប្រៀបនឹងផលិតផលស្រដៀងៗគ្នាពីតំបន់ដទៃហើយទទួលបានការនិយមចូលចិត្តរបស់អតិថិជន។ លោកស្រី Nguyen Thi Bich Tuyen ម្ចាស់មូលដ្ឋានផលិភាជន៍ Le Duc Tuan នៅភូមិ Thanh Ha បានឲ្យដឹងថា៖

        «យើងខ្ញុំត្រូវផ្អាប់ដីឥដ្ឋជាមួយទឹកក្នុងរយៈពេល ១ ថ្ងៃ បន្ទាប់នោះ វាយដីជា ច្រើនលើកជាច្រើនសារដើម្បីដីទន់ជ្រាយនិងម៉ត់ខៃ។ ដំណើររៀបដីទាមទាពី ២ ដល់ ៣ ថ្ងៃ ហើយច្រោះដីឲ្យស្អាតស្អំ។»

        រហូតមកដល់ពេលនេះ ភូមិ Thanh Ha នៅប្រើប្រាស់របៀបផលិត កុលាលភាជន៍ប្រពៃណីដូចជាការប្រើប្រាស់តុបង្វិលដីដោយជើង។ លោក Nguyen Van Ngu សិប្បករភាជន៍មួយរូបក្នុងភូមិ បានចែករំលែកថា៖

        «ក្នុងកុមារភាព ខ្ញុំរៀនធ្វើភាជន៍ពីលោកតាលោកយាយ។ នៅពេលធំដឹងក្តី មានអ្នកណែនាំហ្វឹកហាត់ហើយធ្វើតាម។ រហូតមកដល់ពេលនេះ យើងខ្ញុំប្រើ ប្រាស់តុបង្វិលដោយជើងដើម្បីសូនរូប ម៉ាស៊ីនមិនអាចធ្វើបានឡើយ។ នេះគឺជា របៀបដែលទាមទាឲ្យកិច្ចសហការទន់ភ្លន់របស់ជាងទាំងពីររូប។»

        បន្ទាប់ពីរៀបរូបរៀងបាន ផលិតផលត្រូវបានហាលស្ងួតៗ ហើយយកដុត។ ផ្អែកទៅលើចរិតលក្ខណៈផលិតផលនិមួយៗ អាចដុតភាជន៍ក្នុងរយៈពេលពី ១ ដល់ ៣ ថ្ងៃ។ អាស្រ័យដោយភាពប៉ិនប្រសប់របស់សិប្បករនានានៅភូមិ កុលាលភាជន៍ដូចជាអគកំបោរ ប៉ាន់ ថូ និងរូបសត្វមាន់ ក្របី ជ្រូក ក្លាយទៅជា រស់រវើកដូចសត្វពិតៗ។ កញ្ញា Le Thi Hien Tran  ជាងភាជន៍វ័យក្មេងមួយរូបនៅ ភូមិ Thanh Ha បានចែករំលែកថា៖

        «យើងខ្ញុំធ្វើឡើងផលិតផលស្អាតស្អំជាច្រើន ដោយហេតុនេះ មានមោទន ភាពអំពីមុខរបររបស់ខ្លួនណាស់។ ម្តាយខ្ញុំសូនរូប ខ្ញុំតុបតែង។ ខ្ញុំជានិច្ចកាល

ស្វែងរកគំរូថ្មីធ្វើយ៉ាងម៉េចដើម្បីផលិតផលស្អាតថែមទៀតដែលដណ្តើមការនិយកចូលចិត្តរបស់អតិថិជន។»

        ឆ្លងកាត់រាប់រយឆ្នាំពោរពេញទៅដោយបំរ៉ែបំរួលក្នុងប្រវត្តិសាស្ត្រ បណ្ដា សិប្បករនៅភូមិភាជន៍ Thanh Ha នៅបង្កើតឡើងវណ្ណកម្មផលិតផលភាជន៍តាម របៀបប្រពៃណី។ ពីទីកន្លែងនេះ ផលិតផលភាជន៍រាប់លាគ្រឿងនបានរួម ដំណើរជាមួយភ្ញៀវទេសចរទៅគ្រប់ទិសទីលើពិភពលោក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ