ភូមិរបរ Binh Duong ផ្លាស់ប្ដូរ ដើម្បីបន្សាំ និងអភិវឌ្ឍន៍

(VOVWORLD) - ដើម្បីថែរក្សា និងអភិវឌ្ឍន៍ភូមិរបរប្រពៃណី មូលដ្ឋានសិប្បកម្មនានានៅខេត្ត Binh Duong បានផ្លាស់ប្តូរទិសដៅយ៉ាងបត់បែន ច្បាមជាប់នឹងនិន្នាការឲ្យទាន់ពេលវេលាផ្លាស់ប្តូរការរចនា ប្រើប្រាស់បច្ចេកវិទ្យា និងផ្លាស់ប្ដូរឌីជីថល ដើម្បីទទួលឱកាសអភិវឌ្ឍន៍ថ្មី សមស្របទៅនឹងទីផ្សារដ៏សម្បូរបែបទាំងក្នុង និងក្រៅប្រទេស។
ភូមិរបរ Binh Duong ផ្លាស់ប្ដូរ ដើម្បីបន្សាំ និងអភិវឌ្ឍន៍ - ảnh 1ភូមិរបរ Binh Duong ផ្លាស់ប្ដូរ ដើម្បីបន្សាំ និងអភិវឌ្ឍន៍

ទន្ទឹមនឹងនោះ អាជ្ញាធរខេត្ត Binh Duong ក៏បានជួយឧបត្ថម្ភជាក់ស្ដែង និងទាន់ពេលវេលា ដើម្បីថែរក្សាភូមិរបរ។ ក្នុងរយៈពេលពីរឆ្នាំថ្មីៗនេះ បរិយាកាសផលិតកម្មនៅមូលដ្ឋានសិប្បកម្មគ្រឿងកុលាលភាជន៍នៅខេត្ត Binh Duong លែងមានភាពអ៊ូអរ ដូចមុនទៀតហើយ។ ក្នុងបរិបទនៃភាពអាប់អួរ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ បណ្តាលឱ្យកម្លាំងទិញថយចុះ និងការលំបាករួមរបស់ពិភពលោក ដូច្នេះហើយមិនសូវមានការបញ្ជាទិញសម្រាប់នាំចេញឡើយ។

តថភាពជាក់ស្ដែងនេះ តម្រូវឲ្យសិប្បករនៅរបរត្រូវស្វែកយល់ពីតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេសយ៉ាងបត់បែន ដើម្បីផ្លាស់ប្ដូរឲ្យសមស្រប។ ទន្ទឹមនឹងនោះ ដើម្បីបង្កើនកម្លាំងប្រកួតប្រជែង ម្ចាស់សិប្បកម្មកុលាលភាជន៍បានវិនិយោគលើ ផលិតកម្មតាមទិសដៅពាក់កណ្តាលស្វ័យប្រវត្តិ ឬស្វ័យប្រវត្តិទាំងស្រុងតាមបច្ចេកវិទ្យា ៤.០។ តួរយ៉ាងសម្រាប់ដំណើរការវិនិយោគផ្លាស់ប្ដូរបច្ចេកវិទ្យាក្នុងផ្នែកកុលាលភាជន៍នៅ ខេត្ត Binh Duong គឺក្រុមហ៊ុនកុលាលភាជន៍៖ Minh Long 1, Cuong Phat និង Phuoc Vu Long។ ការធ្វើពិពិធកម្មបែបផែនផ្សព្វផ្សាយផលតិផលពីផ្ទាល់ដល់អនឡាញនៅលើបណ្ដាញសង្គម និងគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក ក៏បានជួយសហគ្រាសឈរជើងយ៉ាងរឹងមាំនៅលើទីផ្សារ នៅចំពោះផលប៉ះពាល់នៃជំងឺរាតត្បាត និងជម្លោះប្រដាប់អាវុធនៅលើពិភពលោក។ លោក Nguyen Thanh Lap នាយករងក្រុមហ៊ុនចំកាត់ផ្ដៅ ឬស្ស៊ី Thanh Loc បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុនផ្ដល់ប្រឹក្សាជាក់ស្ដែងតម្លៃអំពីការរចនា និងគុណភាព តាមរយៈការលក់ដូរតាមអនឡាញ។ ជាសំណាងល្អ អតិថិជនបានគាំទ្រ និងទទួលយកការទិញទំនិញចំពោះការផ្លាស់ប្ដូររបស់ក្រុមហ៊ុន៖ “ជាទូទៅបរិមាណទំនិញលក់នៅលើគេហទំព័រអេឡិចត្រូនិចមានស្ថេរភាព។ នាបច្ចុប្បន្ន យើងខ្ញុំកំពុងនាំចេញទៅកាន់អូស្ត្រាលី ជប៉ុន និងប្រទេសអឺរ៉ុបមួយចំនួនដូចជា ដាណឺម៉ាក។ ទោះបីជានៅលើពិភពលោកមានជម្លោះប្រដាប់អាវុធក៏ដោយ ប៉ុន្តែប្រទេសមួយចំនួននៅតែទិញទំនិញរបស់យើង ព្រោះថាផលិតផលមានភាពស្និទ្ធស្នាលជាមួយបរិស្ថាន ហើយប្រជាជនអឺរ៉ុបចូលចិត្តខ្លាំងណាស់។ គេប្រើប្រាស់ក្នុងរយៈពេលត្រឹមតែ ១ ឆ្នាំប៉ុណ្ណោះ ហើយគេនឹងទិញបន្តទៀត ដូច្នេះហើយ យើងខ្ញុំអាចនាំចេញជាបន្តបន្ទាប់”។

ក្រៅពីការខិតខំប្រឹងប្រែងរបស់សិប្បករក្នុងការថែរក្សារបរប្រពៃណី អាជ្ញាធរខេត្ត Binh Duong ក៏មានរបៀបធ្វើជាច្រើន ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ភូមិរបរប្រពៃណី ដូចជា៖ កសាងតំបន់ដាច់ដោយឡែក ដើម្បីអភិវឌ្ឍន៍របរប្រពៃណីផង និងដោះស្រាយ ” បញ្ហា” បំពុលបរិស្ថាន ជួយឧបត្ថម្ភប្រាក់កម្ចីផលិតកម្មសម្រាប់សិប្បកម្មដែលជួបការលំបាក និងបង្កើនការបណ្តុះបណ្តាល។

ជាពិសេស ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយរបស់ខេត្ត Binh Duong ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ភូមិរបរប្រពៃណីប្រកបដោយនិរន្តរភាព គឺតភ្ជាប់ភូមិរបរជាមួយសកម្មភាពទេសចរណ៍។ ប្រការនេះត្រូវបានចាត់ទុកថាជាការបោះជំហានដ៏ត្រឹមត្រូវ មិនត្រឹមតែពង្រីកទីផ្សារ បើកឱកាសជាច្រើន ដើម្បីជំរុញការអភិវឌ្ឍផលិតចេញផលិតផលរបស់ភូមិរបរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្ស និងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណីក្នុងភូមិរបរនីមួយៗទៀតផង។ សិប្បករ Dinh Cong Thieu មកពីភូមិរបរម្រ័ក្សណ៍ខ្មុក បានចែករំលែកថា៖ “ខ្ញុំមានគោលបំណងថា រដ្ឋ និងខេត្តនឹងជួយសម្រួលតភ្ជាប់ភ្ញៀវទេសចរ។ នៅពេលដែលភ្ញៀវទេសចរជ្រើសរើសទិញផលិតផលរបស់យើងខ្ញុំយ៉ាងច្រើន នឹងជួយអភិវឌ្ឍរបរម្រ័ក្សណ៍ខ្មុកថែមទៀតផងដែរ”។

លោក Nguyen Thanh Phong អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Binh Duong បានឲ្យដឹងថា មន្ទីរបានប្រគល់ការងារឲ្យមជ្ឈមណ្ឌលជំរុញទេសចរណ៍រៀបចំកម្មវិធីផ្សព្វផ្សាយដល់ភ្ញៀវទេសចរអំពីភូមិរបរ។ ក្នុងឆ្នាំ ២០២២ មជ្ឈមណ្ឌលនេះបានរៀបចំដំណើរទស្សនា តភ្ជាប់ និងឧទ្ទេសនាមភូមិរបរ។ ក្រុមហ៊ុនទេសចរណ៍ក៏បានរៀបចំទួរទេសចរណ៍ជាច្រើនជូនភ្ញៀវទេសចរទៅទស្សនា និងទិញដូរនៅភូមិរបរប្រពៃណីរបស់ខេត្ត៖ “មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ក៏បានស្នើឲ្យមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទបជួយសម្រួលដល់ការទទួលស្គាល់ផលិតផលរបស់ភូមិរបរជាផលិតផល OCOP (ឃុំមួយផលិតផលមួយ) ប្រសិនបើមានលក្ខខ័ណ្ឌគ្រប់គ្រាន់។ ទន្ទឹមនឹងនោះ រួមគ្នាផ្សព្វផ្សាយនៅតាមពិព័រណ៍ និងនៅលើគេហទំព័រទេសចរណ៍។ យើងខ្ញុំសង្ឃឹមថា ផលិតផលនៅភូមិរបរប្រពៃណីរបស់ខេត្ត Binh Duong ត្រូវបានឧទ្ទេសនាមយ៉ាងទូលំទូលាយដល់ប្រជាជន និងភ្ញៀវទេសចរណ៍ទាំងក្នុង និងក្រៅខេត្តផងដែរ”។

ដោយមានភាពម្ចាស់ការផ្លាស់ប្ដូរ ដើម្បីសម្របខ្លួន រួមជាមួយនឹងដំណោះស្រាយនានា ភូមិរបរចំនួន ៣២ ជាមួយមុខរបរប្រពៃណីចំនួន ៩ នៅខេត្ត Binh Duong កំពុងត្រូវបានអភិរក្ស និងអភិវឌ្ឍន៍។ ប្រការនេះមិនត្រឹមតែជួយថែរក្សាតម្លៃធម៌ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅតំបន់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ