មុខមាត់ថ្មីនៅស្រុកកំណើតបដិវត្តន៍ Muong Chanh
(VOVWORLD) - ឃុំ Muong Chanh ស្រុក Mai Son គឺជាទីកន្លែងដែលមានចលនាធ្វើសកម្មភាពបដិវត្តន៍ដើមដំបូងនៅខេត្ត Son La។ រយៈពេលជិត ៨០ ឆ្នាំមុន ក្រុមយុវជនសង្រ្គោះជាតិ Muong Chanh បានប្រមូលផ្ដុំយុវជនស្នេហាជាតិ រួមជាមួយប្រជាជនក្រោកឈរឡើងវាយបណ្ដេញខ្មាំងសត្រូវ ដណ្ដើមបានអំណាច។ ដោយបានពង្រីកប្រពៃណីបដិវត្តន៍នោះ ក្រោមការដឹកនាំរបស់បក្ស អ្នកឃុំ Muong Chanh បានបន្តកសាងស្រុកកំណើតអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ។
មុខមាត់ថ្មីនៅស្រុកកំណើតបដិវត្តន៍ Muong Chanh |
ដោយមានទីតាំងជាប់ជាមួយស្រុក Thuan Chau និង Song Ma នៃខេត្ត Son La នោះ ឃុំ Muong Chanh ស្រុក Mai Son ត្រូវបានកំណត់ថាមានទីតាំងភូមិសាស្ត្រ “ ឈានទៅមុខអាចប្រយុទ្ធដណ្ដើមបានជ័យជំនះ ហើយដកថយក៏អាចរក្សាទឹកដីបានដែរ”។ នេះក៏ជាមូលហេតុមួយដែលត្រូវបានសាខាបក្សពន្ធនាគារ Son La ជ្រើសរើសយកជាទីតាំងកសាងចលនាបដិវត្តន៍នៅឆ្នាំ ១៩៤៣។ លោក Lo Van Moc ពលរដ្ឋម្នាក់ ដែលមានអាយុ ៨៥ ឆ្នាំ នៅភូមិ Den ឃុំ Muong Chanh នៅតែចងចាំយ៉ាងច្បាស់លាស់ថា នៅគ្រានោះ Muong Chanh គឺជាទឹកដីរបស់វណ្ណៈអភិជន ហើយសកម្មភាពចោប្លន់បានកើតមានឡើងជាប្រចាំ យុវជនសុទ្ធតែត្រូវធ្វើពលកម្មយ៉ាងធ្ងន់ធ្ងរ ជីវភាពរបស់ប្រជាជនជួបការលំបាកវេទនាណាស់។ លោកតា Lo Van Moc បានចែករំលែកថា៖ “នៅសម័យកាលនោះ នាម៉ឺនក្នុងភូមិមានបំណងចង់តម្លើងពន្ធ ប៉ុន្មានគឺអាស្រ័យទៅលើពួកគេ។ គ្រានោះ គ្មាននរណាបានយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាជនឡើយ។ អ្នកភូមិត្រូវទៅធ្វើពលកម្មយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្ដែង ខ្ញុំត្រូវទៅធ្វើពលកម្មអស់រយៈពេល ៣ ខែទើបបានវិលត្រឡប់មកផ្ទះវិញ។ ស្ថានភាពរស់នៅរបស់ប្រជាជននាគ្រានោះ ពិតជាលំបាកវេទនាណាស់”។
ក្នុងបរិយាកាសក្រោកឈរឡើងរបស់ប្រជាជនទាំងមូលនៅទូទាំងប្រទេសនោះ នាខែសីហា ឆ្នាំ ១៩៤៥ កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៅមូលដ្ឋានបដិវត្តន៍ Muong Chanh បានក្រោកឈរឡើង ដើម្បីដណ្ដើមអំណាច ផ្តួលរំលំនឹមត្រួតត្រារបស់ពួកអាណានិគមបារាំង។ ក្រោយមក បន្តសម្របសម្រួលជាមួយប្រជាជននៅតាមមូលដ្ឋាននានាក្នុងខេត្ត ដណ្ដើមបានអំណាចពីពួកអាណានិគមបារាំងជូនប្រជាជនខេត្ត Son La វិញ។
នៅដើមឆ្នាំ ២០១៨ ឃុំ Muong Chanh ត្រូវបានទទួលស្គាល់ជាឃុំជាប់ស្តង់ដារជនបទថ្មី |
ក្រោយពីពេលក្រោកឈរឡើង ដណ្ដើមបានអំណាចប្រកបដោយជោគជ័យនោះ បងប្អូនប្រជាជនមានអារម្មណ៍សប្បាយរីករាយណាស់ ហើយបានខិតខំប្រឹងប្រែងប្រឡងប្រណាំងកសាងជីវភាពរស់នៅថ្មី។ នៅដើមឆ្នាំ ២០១៨ ឃុំ Muong Chanh ត្រូវបានទទួលស្គាល់ជាឃុំជាប់ស្តង់ដារជនបទថ្មី ដោយមានភូមិចំនួន ១២/១២ មានផ្លូវសម្រាប់រថយន្តធ្វើដំណើតទៅដល់ភូមិ ក្រុមគ្រួសារទាំង ១០០% ក្នុងឃុំ បានប្រើប្រាស់អគ្គិសពីបណ្តាញអគ្គិសនីជាតិ។ នៅឆ្នាំ ២០២០ ប្រាក់ចំណូលរបស់មនុស្សម្នាក់ៗក្នុងឃុំសម្រេចបានជាង ៤៣ លានដុង/ឆ្នាំ ហើយអត្រាក្រុមគ្រួសារក្រីក្រតាមបទដ្ឋានថ្មី មានត្រឹមតែជិត ៣% ប៉ុណ្ណោះ។ ឃុំ Muong Chanh ក៏បានបង្កើតសហករណ៍ចំនួន ៧ និងបង្កើតខ្សែសង្វាក់តភ្ជាប់ផលិតកម្មកសិកម្ម ដោយបានបង្កើតធាតុចេញប្រកបដោយស្ថិរភាពជូនប្រជាកសិករ។ លោក Lo Manh Quyet នាយកសហករណ៍ Quyet Chi ឃុំ Muong Chanh បានឲ្យដឹងថា៖ “ដោយបានបន្តមរតក និងពង្រីកប្រពៃណីបដិវត្តន៍នោះ អ្នកឃុំយើងខ្ញុំបានរួមសហការគ្នា ដើម្បីតបង្កើតសហករណ៍ដាំដើមឈើហូបផ្លែដូចជា៖ ដើមមៀន ដើមស្វាយ និងដើមកាហ្វេ។ បងប្អូនសមាជិកសហករណ៍មានជំនាញខាងបច្ចេកទេសថែទាំដើមឈើ និងដាក់ជី។ ដូច្នេះហើយ យើងខ្ញុំទទួលបានប្រាក់ចំណូលខ្ពស់ផងដែរ”។
នាបច្ចុប្បន្ន ឃុំ Muong Chanh មានគ្រួសារជាង ៩៦០ គ្រួ ពោលគឺមានចំនួនប្រជាជនប្រមាណ ៤ ៤០០ នាក់ ហើយភាគច្រើនជាបងប្អូនជនជាតិ Thai។ យោងតាមលោក Cam Van Nhat ប្រធានគណៈកម្មាធិការប្រជាជនឃុំបានឲ្យដឹងថា នាពេលខាងមុខនេះ ឃុំនឹងបន្តរក្សា និងលើកកម្ពស់ស្ដង់ដារកសាងជនបទថ្មីទាំង ១៩ ចំណុច ហើយខិតខំប្រឹងប្រែង ដល់ឆ្នាំ ២០២៥ នឹងសម្រេចបានស្តង់ដារជនបទថ្មីកម្រិតខ្ពស់ចំនួន ១៥/១៧។ ទន្ទឹមនឹងនេះ បង្កើតតំបន់ដាំដើមឈើកសិកម្ម ដើមឈើហូបផ្លែសំខាន់ៗ ដែលមានគុណភាពខ្ពស់ ហើយប្រាក់ចំណួលជាមធ្យមរបស់ប្រជាជនម្នាក់ៗសម្រេចបាន ៥២ លានដុង/ឆ្នាំ។ លោកបានឲ្យដឹងថា៖ “ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សនោះ គណៈកម្មាធិការប្រជាជនឃុំនឹងបន្តចាត់វិធានការសំខាន់ៗ ជាពិសេសគឺវិនិយោគកសាងប្រព័ន្ធប្រឡាយ និងផ្លូវតភ្ជាប់ពីវាលស្រែទៅកាន់ទីប្រជុំជន ដើម្បីជួយប្រជាកសិករក្នុងការធ្វើដំណើរទៅមក ក៏ដូចជាជួយសម្រួលការស្រោចស្រពស្រែ នៅឃុំ Muong Chanh ផងដែរ”។
នាបច្ចុប្បន្ននេះ ស្រុកកំណើតបដិវត្តន៍ Muong Chanh បានផ្លាស់ប្ដូរមុខមាត់ថ្មី ជាមួយនឹងផ្លូវបេតុងដ៏ធំទូលាយនិងស្អាតបាត វាលស្រែខៀវស្រងាត់ ឬចំការកាហ្វេដ៏ធំល្វឹងល្វើយ។ ប្រជាជននៅទីនេះបានរួមសាមគ្គីគ្នា ស្រុះចិត្តគំនិតគ្នាកសាង Muong Chanh ឲ្យកាន់តែសម្បូរធូធារ និងស្រស់បំព្រង ដើម្បីពង្រីកប្រពៃណីរបស់ស្រុកកំណើតបដិវត្តន៍ពីអតីតកាលផងដែរ៕