មុខរបរដាំមនចិញ្ចឹមដង្កូវនាងនៅ Thieu Hoa ខេត្ត Thanh Hoa

(VOVWORLD) - មុខរបរដាំមនចិញ្ចឹមដង្កូវនាងត្រូវបានចាប់បដិសន្ធិតាំងពីរាប់រយឆ្នាំមុននេះ ហើយ បានអភិវឌ្ឍន៍នៅតាមតំបន់ជនបទជាច្រើននៃវៀតណាម ក្នុងនោះមានស្រុក Thieu Hoa ខេត្ត Thanh Hoa ភាគកណ្ដាលប្រទេសជាតិ។
មុខរបរដាំមនចិញ្ចឹមដង្កូវនាងនៅ Thieu Hoa ខេត្ត Thanh Hoa - ảnh 1 ស្លឹកមនត្រូវបានយកធ្វើជាចំណីសម្រាប់ដង្កូវនាង (រូបថត៖ baomoi.com)


 
បន្ទាប់រួចផុតពីដំណាក់កាលជាប់គាំង មួយ នាបច្ចុប្បន្ន អាស្រ័យដោយការអនុវត្តបច្ចេកទេសថ្មីៗ ភូមិប្រកបរបរដាំមន ចិញ្ចឹមដង្កូវនាងនៅស្រុកនេះ បានរស់រានមានជីវិតឡើងវិញនិងជួយលើកស្ទួយ ជីវភាពរស់នៅរបស់ប្រជាជនរាប់ពាន់នាក់នៅក្នុងតំបន់។

        Thieu Hoa ជាស្រុកដែលមានទំហំផ្ទៃដីធំទូលាយ ក្នុងនោះមានផ្ទៃដីនៅ ជាប់សង្ខាងមាត់ទន្លេដែលជាដីមានជីជាតិល្អ ហេតុនេះហើយទើបទីនេះមានលក្ខណៈសម ស្របទៅនឹងការដាំដុះនិយាយរួមនិងការដាំមនធ្វើជាចំណីសម្រាប់ដង្កូវនាង និយាយដោយឡែក។ មុខរបរដាំមនចិញ្ចឹមដង្កូវនាងមានគុណសម្បត្តិជាច្រើន ដែលអាចនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដ៏ខ្ពស់ ដូចជាការចំណាយទុនតិចៗប៉ុន្តែអាចទាញយកដើមទុនវិញយ៉ាងឆាប់រហ័ស ដោយត្រឹមតែ២០ទៅ២៥ថ្ងៃ ប៉ុណ្ណោះគឺអាចសម្រេចការដាំដង្កូវនាងមួយវគ្គ។ ម្យ៉ាងវិញទៀត មុខរបរនេះនាំមកនូវ ប្រាក់ចំណូលសឹងតែពេញមួយឆ្នាំ ដោយគិតចាប់តាំងពីខែមីនាដល់ខែវិច្ឆិកា។ រហូត មកដល់ពេលនេះ ស្រុក Thieu Hoa មានគ្រួសារកសិករប្រកបរបរដាំមនចិញ្ចឹម ដង្កូវនាងប្រមាណ១០០០គ្រួសារ។ ពួកគេសុទ្ធតែមានបទពិសោធន៍ ផងនិងការ ជក់ចិត្តនឹងមុខរបរនេះផង ដូច្នេះហើយទើបពួកគេទទួលបានទិន្នផលនិងប្រសិទ្ធភាពខាង សេដ្ឋកិច្ចខ្ពស់ណាស់។ ក្រៅពីនោះ របរដាំមនចិញ្ចឹមដង្កូវនាងអាចប្រើប្រាស់ ពលករគ្រប់វ័យហើយអាចឆក់យកវត្ថុធាតុដើមដែលមានស្រាប់នៅតំបន់នីមួយៗផងដែរ។ របរនេះមិនត្រឹមតែផ្គត់ផ្គង់សសៃសូត្រសម្រាប់ផ្នែកឧស្សាហកម្មវាយន ភ័ណ្ឌប៉ុណ្ណោះទេ ថែមទាំងផ្គង់ផ្គង់នូវវត្ថុធាតុដើមមួយចំនួនទៀតសម្រាប់ផ្នែក ឧស្សាហកម្មកែច្នៃផ្សេងៗទៀតដូចជា ឱសថ ម៉ូដ ចំណីអាហារ ការផលិតក្រដាស និងផលិតជី ជាដើម។ ដោយហេតុនេះ របរនេះអាចនាំមកនូវផលប្រយោជន៍សេដ្ឋ កិច្ចខ្ពស់ ព្រមទាំងរួមចំណែកទៅក្នុងការកាត់បន្ថយភាពក្រីក្រក្នុងវិស័យកសិកម្ម ជនបទថែមទៀតផង។ លោក Le The Ky កម្មាភិបាលនៃស្រុក Thieu Hoa បានឲ្យដឹង ថា នាពេលកន្លងទៅ ការរក្សានិងអភិវឌ្ឍរបរដាំមនចិញ្ចឹមដង្កូវនាងត្រូវបាន អាជ្ញាធរស្រុកនិងប្រជាជនយកចិត្តទុកដាក់យ៉ាងខ្លាំង។

        “នាបច្ចុប្បន្ន យើងខ្ញុំបានរៀបចំផ្ទៃដីប្រមាណ២៩ពាន់ម៉ែត្រការ៉េសម្រាប់ បណ្ដាភូមិរបរ ហើយរៀបចំតំបន់ត្បាញសូត្រនៅឆ្ងាយៗពីតំបន់ប្រជុំជន ដើម្បី ធានាសុវត្ថិភាពចំពោះបរិស្ថាន ក៏ដូចជាបង្កើតការងារធ្វើសម្រាប់ប្រជាកសិករ។ ប្រសិនបើអាចរក្សាមុខរបរនេះបាន យើងខ្ញុំនឹងបង្កើតការងារធ្វើសម្រាប់ពលករពី៣០០ ដល់៤០០នាក់ជារៀងរាល់ឆ្នាំ ហើយនាំមកនូវប្រាក់ចំណូលប្រមាណ៣០%នៃ ប្រាក់ចំណូលសរុបរបស់ស្រុកទាំងមូលផងដែរ”។

មុខរបរដាំមនចិញ្ចឹមដង្កូវនាងនៅ Thieu Hoa ខេត្ត Thanh Hoa - ảnh 2សូត្រចេញពីដង្កូវនាង 

        គ្រួសារលោក Le Dinh Dung នៅឃុំ Thieu Do ស្រុក Thieu Hoa ជាគ្រួសារ មួយក្នុងចំណោមគ្រួសារដែលប្រកបមុខរបរនេះជាច្រើនឆ្នាំមកហើយ។ លោក Dung បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ភូមិរបរមានការរីកចម្រើនជាច្រើន ពិសេស គឺបន្ទាប់ពីបានចូលរួមជាសមាជិកនៃសហករណ៍ដាំមនចិញ្ចឹមដង្កូវនាង លោកត្រូវបាន សហករណ៍ណែនាំឲ្យផ្លាស់ពូជមនថ្មី ដែលមានប្រសិទ្ធភាពនិងគុណភាពខ្ពស់ ជាងមុន។

        “ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការដាំពូជមនថ្មីនាំមកនូវប្រសិទ្ធភាពនិងទិន្នផលច្រើន ជាងមុន៣ដងបើប្រៀបធៀបទៅនឹងពូជមនជាប្រពៃណី។ ក្នុងរយៈពេល១ខែ ចំពោះពូជមន ចាស់នោះគឺយើងខ្ញុំទទួលបានសូត្រប្រមាណ៣រយគីឡូក្រាមប៉ុណ្ណោះ ប៉ុន្តែ ចំពោះពូជមនថ្មីគឺយើងខ្ញុំអាចទទួលបានសូត្រដល់ទៅប្រមាណពី៨ដល់៩រយគីឡូក្រាម”។

        នាបច្ចុប្បន្ន នៅស្រុក Thieu Hoa មានគ្រួសារនិងមូលដ្ឋានប្រកបរបរដាំមន ចិញ្ចឹមដង្កូវនាងប្រមាណ២ពាន់៥រយកន្លែង បង្កើតការងារធ្វើសម្រាប់ពលករជិត៦ពាន់ ២រយនាក់ ក្នុងនោះពលករម្នាក់ៗទទួលបានប្រាក់ចំណូលជាមធ្យមប្រមាណ ៣២លានដុងក្នុងមួយឆ្នាំ ហើយតម្លៃផលិតកម្មសរុបក្នុងស្រុកទាំងមូលគឺទទួល បាន២១១ពាន់លានដុងក្នុងមួយឆ្នាំផងដែរ។ ដើម្បីអភិវឌ្ឍន៍មុខរបរប្រពៃណីនៃតំបន់ ស្រុក Thieu Hoa បានបង្កភាពងាយស្រួលសម្រាប់សហគ្រាសក្នុងដំណើរការ អភិវឌ្ឍន៍និងកសាងពាណិជ្ជសញ្ញា ដើម្បីបង្កើនលទ្ធភាពប្រកួតប្រជែងនៃផលិត ផលនៅលើទីផ្សារ។ ថ្នាក់ដឹកនាំស្រុកក៏បានអញ្ជើញសាស្ត្រាចារ្យឯកទេសផ្នែក មននិងដង្កូវនាងនៃមជ្ឈមណ្ឌលស្រាវជ្រាវមននិងដង្កូវនាងមជ្ឈឹមមកណែនាំនិង បង្រៀនអំពីបច្ចេកទេសដាំមនចិញ្ចឹមដង្កូវនាងសម្រាប់ប្រជាកសិករនៅក្នុងស្រុក ដើម្បីលើកស្ទួយចំណេះដឹង ក៏ដូចជាសមត្ថភាពអនុវត្តន៍វិទ្យាសាស្ត្របច្ចេក វិទ្យាថ្មីៗ ចូលក្នុងរបរនេះផងដែរ។

        ដោយមានការជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្មរបស់អាជ្ញាធរតំបន់ នាសព្វថ្ងៃ របរដាំមនចិញ្ចឹមដង្កូវនាងជាប្រពៃណីនៅស្រុក Thieu Hoa មិនត្រឹមតែបានស្ដារ ឡើងវិញប៉ុណ្ណោះទេ ថែមទាំងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងប្រកបដោយ ចីរភាព ព្រមទាំងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចនិងប្រាក់ចំណូលដោយ ស្ថិរភាពសម្រាប់ប្រជាជននៅទីនេះទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ