រឿងដំណាលស្ដីពីជាងដេរទង់ជាតិនៅភូមិ Tu Van

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃដែល ប្រជាជនក្នុងទូទាំងប្រទេសរួមគ្នាអបអរសាទរខួបអនុ ស្សាវរីយ៍លើកទី៧៥ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី ២កញ្ញា ប្រកបដោយក្ដីសប្បាយ រីករាយនោះ ក៏ជាពេលវេលាដែលជាង ដេរទង់នៃភូមិ Tu Van ឃុំ Le Loi ស្រុក Thuong Tin ទីក្រុងហាណូយ ត្រូវធ្វើការយ៉ាងមមាញឹកដើម្បីផ្គត់ផ្គង់ទង់ជាតិទៅ ទីផ្សារឲ្យបានគ្រប់គ្រាន់និងទាន់ពេលវេលាផងដែរ។ ទង់ជាតិទាំងនោះ មិនថាជា ទង់ជាតិបោះពុម្ភឬទង់ជាតិប៉ាក់ ឬទង់ជាតិធំតូចនោះទេ គឺ សុទ្ធតែត្រូវបានជាងដេរទង់ធ្វើឡើង ដោយការយកចិត្តទុកដាក់យ៉ាងអស់ពីចិត្តពីថ្លើម។
រឿងដំណាលស្ដីពីជាងដេរទង់ជាតិនៅភូមិ Tu Van - ảnh 1បណ្ដាជាងដេរទង់ជាតិនៅភូមិ Tu Van។ (រូបថត៖ VOV) 

 

 

ក្នុងប៉ុន្មានថ្ងៃដើមខែកញ្ញានេះ ការងារនៅភូមិដេរទង់ជាតិ Tu Van ហាក់ដូច ជាជាប់មមាញឹកជាងពេលណាៗទាំងអស់។ លោកស្រី Le Thi Tinh អាយុ៧០ឆ្នាំ ដែលបានប្រកបរបរដេរប៉ាក់ទង់ជាតិអស់រយៈពេលច្រើនឆ្នាំមកហើយ បានចែករំលែក ថា របរនេះទាមទារឲ្យអ្នកធ្វើត្រូវតែមានភាពហ្មត់ចត់និងភាពល្អិតល្អន់ទៀតផង ប្រសិន បើមិនជក់ចិត្ត គឺមិនអាចធ្វើបានទេ។ ដោយសារដំណាក់កាលទាំងអស់ ចាប់តាំង ពីការជ្រើសរើសក្រណាត់ ប៉ាក់ បោះពុម្ភ លាយពណ៌ រហូតដល់ការកាត់ដេរផ្កាយ ហើយប៉ាក់លើទង់ជាតិនោះ គឺមិនត្រូវមានកំហុសនោះឡើយ។ ហើយការ ពិបាកបំផុតនោះគឺ ត្រូវធ្វើឲ្យទង់ជាតិមាន “ព្រលឹង” មានភាពរស់រវើក មិនថា ជាទង់ជាតិធំតូច ទង់បោះពុម្ភ ឬទង់ប៉ាក់នោះទេ។ លោកស្រី Le Thi Tinh បាន សំណេះសំណាលថា៖

“យើងខ្ញុំមានការជក់ចិត្ត ហើយនឹងប្រកបរបរនេះរហូតពេលណាធ្វើលេងបាន។ នាសព្វថ្ងៃ អ្នកប្រកបរបរនេះភាគច្រើនគឺមនុស្សចាស់ដូចយើងខ្ញុំ ចំណែកឯមនុស្សវ័យក្មេង គេធ្វើការនៅក្រុមហ៊ុនវិញ។ ប៉ុន្តែ ពេលគេចាស់ទៅ គេនឹងវិល ត្រឡប់មករបរនេះវិញ។ របរដេរទង់ជាតិនឹងមិនដែលសាបសូន្យទៅបានទេ”។

យោងតាមឯកសារប្រវត្តិសាស្ត្របានកត់ត្រាថា ចាប់ពីសតវត្សទី១៦ ភូមិ Tu Van បានមានភាពល្បីល្បាញទាំងនៅក្នុងនិងក្រៅប្រទេសអាស្រ័យដោយផលិត ផលប៉ាក់និងតម្បាញ។ នៅពេលដែលបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ផ្ទុះឡើង ទង់ ជាតិរាប់ម៉ឺនទង់របស់ភូមិ Tu Van បានបក់រវិចៗនៅគ្រប់ច្រកល្ហកនៃរដ្ឋធានី ហាណូយ។ ចាប់តាំងពីពេលនោះមក ភូមិ Tu Van បានក្លាយទៅជាភូមិដេរទង់ ជាតិ។ លោក Dang Hong Hieu អ្នកប្រកបរបរដេរទង់ច្រើនឆ្នាំនៅភូមិ Tu Van បានចែករំលែកថា ទោះបីជាគ្រួសារផ្សេងៗក្នុងភូមិសុទ្ធតែធ្វើទង់ជាតិដោយម៉ាស៊ីនក្ដី ប៉ុន្តែគ្រួសារលោកជាគ្រួសារតែមួយគត់ដែលនៅតែប្រកបរបរតាមបែបសិប្បកម្ម។ នោះគឺជាមូលហេតុដែលអតិថិជនពីគ្រប់ទិសទីចូលចិត្តទិញទង់ជាតិប៉ាក់ដោយដៃរបស់គ្រួសារលោក។ លោក Hieu បានឲ្យដឹងថែមទៀតថា៖

“គ្រួសារខ្ញុំមិនចង់ផ្លាស់ប្ដូរការងារនោះឡើយ។ ពេលណាដែលមើល ទូរទស្សន៍ ហើយឃើញទង់ជាតិឬទង់យោធាដែលគ្រួសារខ្លួនធ្វើឡើងនោះ យើងខ្ញុំសុទ្ធតែមោទនៈខ្លាំងណាស់”។

រឿងដំណាលស្ដីពីជាងដេរទង់ជាតិនៅភូមិ Tu Van - ảnh 2

តម្រូវការទិញទង់ជាតិកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងពេល វេលាពិសេសៗដូចជាពេលដែលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមដណ្ដើមបានជើងឯកនៃការប្រកួត AFF Cup ឆ្នាំ២០១៨ ឬពេលដែលវៀតណាមដណ្ដើម បានមេដាយមាសក្នុងវិញ្ញាសារបាល់ទាត់ផ្នែកបុរសនៃ SEA Games ២០១៩ គ្រួសារលោកស្រី Vuong Thi Nhung ត្រូវគៀងគរកម្មកររាប់សិបនាក់ដើម្បី ធ្វើទាំងយប់ទាំងថ្ងៃ។ លោកស្រី Nhung បានចែករំលែកថា៖

“មានពេលខ្លះៗជួបការលំបាកខ្លាំងណាស់ ដោយសារមានគេបញ្ជាទិញ ជាច្រើន ត្រូវធ្វើទាំងយប់ទាំងថ្ងៃ ដើម្បីបម្រើប្រជាជនក្នុងទូទាំងប្រទេស។ ប៉ុន្តែ នេះក៏ជាចំណង់ចំណូលចិត្តរបស់គ្រួសារខ្ញុំដែរ។ នាសព្វថ្ងៃមានបច្ចេកវិទ្យា ម៉ាស៊ីនទំនើបៗដូច្នេះហើយមានភាពងាយស្រួលច្រើនជាងមុន”។

ទោះបីជាបានឆ្លងកាត់ការឡើងចុះជាច្រើនក៏ដោយ ប៉ុន្តែរបរប៉ាក់និងដេរទង់ ជាតិនៅភូមិ Tu Van នៅតែត្រូវបានរក្សារហូតដល់សព្វថ្ងៃនេះ។ ទង់ជាតិដ៏ ស្អាតៗដែលបានធ្វើឡើងដោយបាតដៃដ៏ប៉ិនប្រសពរបស់ជាងដេរទង់ Tu Van នៅតែបក់រវិចៗនៅគ្រប់ទិសទីលើទូទាំងប្រទេស។ នោះគឺជាមោទនភាពនិង ជំនឿជាក់ដែលជួយឲ្យរបរដេរទង់ជាតិនៅភូមិ Tu Van ថិតថេរគង់វង្សជារៀង រហូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ