រដូវអំណោយផលផ្លែពុទ្រានៅខេត្ត Soc Trang
(VOVWORLD) - ប្រជាកសិករនៅឃុំ Thuan Hoa ស្រុក Chau Thanh ខេត្ត Soc Trang កំពុងឈានចូលរដូវទទួលផលពទ្រា។ បងប្អូនប្រជាកសិករមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ព្រោះថា បច្ចុប្បន្ននេះ តម្លៃពទ្រាឡើងថ្លៃ ហើយឈ្មួញបានប្រមូលទិញនៅហ្នឹងចំការ អាកាសធាតុអំណោយផល ហើយទិន្នផលផ្លែពុទ្រាក៏ខ្ពស់ជាងមុនផងដែរ។
រដូវអំណោយផលផ្លែពុទ្រានៅខេត្ត Soc Trang |
ពុទ្រាគឺជាប្រភេទដើមឈើហូបផ្លែត្រូពិច ដែលត្រូវបានដាំភាគច្រើននៅតាមបណ្ដាខេត្ត នៃតំបន់ដីសណ្តទន្លេ Cuu Long ។ ពុទ្រាមានពណ៌បៃតងទាក់ភ្នែក ហើយមានពណ៌លឿងភ្លឺពេលទុំ សំបូរទៅដោយវីតាមីន C មានរសជាតិផ្អែមជាងបើប្រៀបធៀបនឹងប្រភេទពុទ្រាដទៃទៀត។ ផ្លែពុទ្រាត្រូវបានប្រមូលផលពីរដងក្នុងមួយឆ្នាំ ពោលគឺចាប់ពីខែមិថុនា ដល់ខែសីហា និងចាប់ពីខែខែវិច្ឆិកាដល់ខែធ្នូ។
គ្រួសារលោក Le Hoang Mai នៅភូមិ Sa Bau ឃុំ Thuan Hoa ស្រុក Chau Thanh បានដាំដើមពុទ្រាចំនួន ៣០០ ដើម នៅលើផ្ទៃដី ៤ ០០០ ម៉ែត្រការ៉េ។ នាប្ចុចុប្បន្ននេះ ចំការពុទ្រារបស់លោកកំពុងត្រូវបានប្រមូលផលចាប់ពី ២០០ ទៅ ៣០០ គីឡូក្រាមក្នុងមួយថ្ងៃ ហើយត្រូវបានឈ្មួញមកប្រមូលទិញក្នុងតម្លៃពី ១៥ ០០០ ទៅ ២៥ ០០០ ដុង អាស្រ័យលើប្រភេទផ្លែពុទ្រានីមួយៗ។ ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច លោក Le Hoang Mai បានដាំផ្លាស់ដើមពុទ្រាជាមួយដើមពុទ្រា Thai ដែលមានទិន្នផលខ្ពស់ជាង ដូច្នេះហើយ លោកអាចប្រមូលផលផ្លែពុទ្រាពេញមួយឆ្នាំ។ លោកបានសំណេះសំណាលថា៖ “ខ្ញុំបានស្រោចទឹកឲ្យដើមពុទ្រាជារៀងរាល់ថ្ងៃ។ នៅពេលដើមពុទ្រានៅតូច ខ្ញុំបានបាញ់ថ្នាំកំចាត់សត្វល្អិតចម្រៃកន្លះខែម្ដង។ ទិនផលផ្លែ ពុទ្រា គឺអាស្រ័យ ទៅលើអាកាសធាតុ ពោលគឺបើអាកាសធាតុអំណោយផល គឺទទួល បាន ទិលផលខ្ពស់ណាស់។ នៅឆ្នាំនេះ ផ្លែពុទ្រាទទួលបានទិន្នផលល្អប្រសើរ”។
ការដាំដើមពុទ្រាគឺមិនពិបាកទេ ពោលគឺត្រឹមតែអនុវត្តន៍បច្ចេកទេសយ៉ាងត្រឹមត្រូវ កាត់មែកធាង ដាក់ជី បាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃ គឺអាចទទួល បានទិន្ន ផលខ្ពស់។ ដើមពុទ្រានីមួយៗ អាចប្រមូលផ្លែពី ៣០ ទៅ ៣៥ គីឡូក្រាម។ លោក Tran Hoang Vu នៅភូមិ Sa Bau ឃុំ Thuan Hoa ស្រុក Chau Thanh មាន បទពិសោធន៍រយៈពេល ២១ ឆ្នាំក្នុងការដាំដើមពុទ្រាហើយ។ នៅលើផ្ទៃដី ១,៥ ហិកតា លោកបានដាំដើមពុទ្រាជាង ១២០០ ដើម។ លើសពីនេះទៀត លោកបានវិនិយោគលើសំណាញ់រុំព័ទ្ធដើមពុទ្រាចំនួន ១០០ ដើម ដើម្បីចៀសវាង សត្វល្អិតចង្រៃ។ ដូច្នេះហើយលោកទទួលបានទិន្នផលពុទ្រាទិន្នផលខ្ពស់។ លោក Tran Hoang Vu បានសំណេះសំណាលថា៖ “ប្រមូលផលរួចរាល់ហើយ គឺដល់រដូវយើងអាដើមពុទ្រា ទុកប្រមាណ ១៥ សង់ទីម៉ែត្រឲ្យវាដុះពន្លកថ្មី។ វាដុះពន្លកច្រើនណាស់។ យើងជ្រើសរើសយកពន្លកណា ដែលល្អៗ។ ក្នុងមួយដើម យើងទុកពន្លកពី ២ ទៅ ៣ គឺបានហើយ។ នៅរដូវប្រាំងគឺ តែងតែខ្វះទឹក ដូច្នេះហើយ យើងត្រូវស្រោចទឹកនិងដាក់ជីឲ្យបានគ្រប់គ្រាន់ ទើបដើមពុទ្រាចេញផ្លែច្រើន។ រដូវប្រមូលផលផ្លែពុទ្រាឆ្នាំនេះ យើងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីយរាយណាស់ ដោយលក់បានផ្លែពុទ្រាក្នុងតម្លៃថ្លៃជាងរាល់ឆ្នាំពី ៣ ០០០ ទៅ ៤ ០០០ ដុង/គីឡូក្រាម”។
រដូវអំណោយផលផ្លែពុទ្រានៅខេត្ត Soc Trang |
ដើម្បីធានាដើមពុទ្រាមានច្រកចេញប្រកបដោយស្ថិរភាព និងតភ្ជាប់ជាមួយក្រុមគ្រួសារដាំដុះនោះ ឃុំ Thuan Hoa បានបង្កើតសហករណ៍ផ្លែពុទ្រា។ សហករណ៍នេះមានសមាជិកចំនួន ១៦ គ្រួសារ ដែលបានចូលរួមដាំដើមពុទ្រាជិត ១០ ហិកតា។ នាពេលខាងមុខ សហករណ៍នឹងធ្វើការចលនាដល់ក្រុមគ្រួសារនានា ដើម្បីបន្តចូលរួមសហករណ៍ សំដៅ ឆ្ពោះទៅរកការដាំដុះតាមស្តង់ដារ OCOP ។ លោក Huynh Thanh Dung អនុប្រធាន គណៈកម្មាធិការប្រជាជនឃុំ Thuan Hoa បាន ឲ្យដឹង ថា៖ “នារយៈពេលកន្លងទៅ ទម្រង់ដាំពុទ្រានៅឃុំទទួលបានទិន្នផលខ្ពស់ណាស់ ពោលគឺជាមធ្យម ផ្ទៃដីដាំដើមពុទ្រា ១ ហិកតា គឺអាចទទួលបានប្រាក់ចំណេញពី ២០០ ទៅ ២២៥ លានដុង។ ក្រៅពីនេះបង្កើតការងារធ្វើជូនកម្មករក្នុងស្រុក។ នាពេលខាងមុខនេះ យើងខ្ញុំនឹងបន្តធ្វើការចលនាដល់ប្រជាកសិករដាំដើមឈរណា ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ក្នុងនោះមានដើមពុទ្រា។ គណៈកម្មាធិការប្រជាជនឃុំបានសម្របសម្រួលជាមួយការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទបើកវគ្គហ្វឺកហ្វឹនផ្ទេរប្រគល់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដាំដើមពុទ្រាជូនប្រជាកសិករ ក៏ដូចជាសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីស្វែងរកធាតុចេញ និងកសាងទម្រង់តភ្ជាប់ សំដៅប្រមូលលក់ផលិតផលជូនប្រជាកសិករផងដែរ”។
ឃុំ Thuan Hoa មានក្រុមគ្រួសារដាំដើមពុទ្រាចំនួន ២៤ គ្រួ ភាគច្រើនគឺនៅតាមភូមិ Sa Bau Tra Canh និង Tra Quyt។ ដើមពុទ្រាគឺជាដើមឈើស្នូលមួយ ដែលនាំមកនូវប្រាក់ចំណូលប្រកបដោយស្ថិរភាពជូនប្រជាជននៅឃុំ Thuan Hoa ផងដែរ៕