របរត្បាញផ្តៅ និងឬស្សី នៅតំបន់ព្រៃភ្នំ Ngoc Chien

(VOVWORLD) - គ្មាននរណាម្នាក់នៅចាំបានទេថា តើរបរត្បាញផ្តៅ និងឫស្សីមានតាំងពីពេលណាមក ត្រឹមតែដឹងថា អ្នកឃុំ Ngoc Chien ស្រុក Muong La ខេត្ត Son La បានថែរក្សាមុខរបរត្បាញប្រពៃណី នេះហើយបន្តមរតកពីជំនាន់មួយទៅជំនាន់មួយទៀត។ ជាពិសេសនៅពេលដែល ឃុំ Ngoc Chien ក្លាយទៅជាគោលដៅគួរឲ្យទាក់ទាញគឺរបរត្បាញផ្តៅ និងឬស្សីក៏បានក្លាយទៅជាផលិតផលទេសចរណ៍ដ៏វិសេសវិសាលផងដែរ។
របរត្បាញផ្តៅ និងឬស្សី នៅតំបន់ព្រៃភ្នំ Ngoc Chien - ảnh 1របរត្បាញផ្តៅ និងឬស្សី នៅតំបន់ព្រៃភ្នំ Ngoc Chien

ថ្វីត្បិតតែរបរត្បាញផ្តៅ និងឬស្សីមិនមានពណ៌ចម្រុះដូចជារបរត្បាញសូត្រ និងក្រណាត់ឡើយ ហើយផលិតផលតម្បាញមិនសូវប្រណិត បើប្រៀបប្រដូចជាមួយរបរធ្វើឧបករណ៍កសិកម្ម និងសូនគ្រឿងកុលាលភាជន៍ក៏ដោយ ប៉ុន្តែការងារនេះក៏បានផ្ដុំមកនូវគុណធម៌ទាំងអស់នៃភាពប៉ិនប្រសប់ និងភាពអត់ធ្មត់របស់អ្នកឃុំ Ngoc Chien ។ ពោលគឺចាប់ពីដំណាក់កាលជ្រើសរើសឬស្សី ឬផ្តៅ រហូតដល់ដំណាក់កាលជ្រៀកជាជំរៀកតូចៗត្រាំក្នុងទឹក រួចហើយត្បាញផងដែរ។ ជាមធ្យម ដើម្បីត្បាញផលិតផលស្ពកផ្ដៅ និងកៅអីផ្តៅនឹងចំណាយពេលវេលាពី ៤ ទៅ ៥ ថ្ងៃ។ លោក Lo Van Bao សិប្បករជើងចាស់ម្នាក់ ដែលប្រកបរបរត្បាញប្រពៃណិនៅភូមិ Na Tau ឃុំ Ngoc Chien បានចែករំលែកថា នេះជារបរចម្បង ហើយនាំមកនូវប្រាក់ចំណូលស្ថិរភាពសម្រាប់គ្រួសារ៖ “គ្រួសារខ្ញុំមានប្ដីប្រពន្ធ ២ នាក់ ដែលប្រកបរបរត្បាញកៅអីផ្តៅ និងកាផា។ ជារៀងរាល់ខែ យើងខ្ញុំធ្វើបានផលិតផលប្រមាណ ២០ មុខ ហើយផលិតផលនីមួយៗមានតម្លៃពី ១៣ ទៅ ១៤ ម៉ឺនដុង។ ក្នុងរដូវប្រមូលផលពោត ជនជាតិ Mong ត្រូវការកាផាច្រើន ដូច្ចេះហើយយើងខ្ញុំអាចលក់បានកាផាក្នុងតម្លៃខ្ពស់ ចាប់ពី ១៥ ទៅ ១៦ ម៉ឺនដុង”។

តាំងពីយូរណាស់មកហើយ របរត្បាញឫស្សី និងផ្តៅបានក្លាយទៅជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់បងប្អូនអ្នកឃុំ Ngoc Chien។ ទោះបីជាមានអាយុច្រើនកីដោយ ប៉ុន្តែលោកតា លោកយាយក្នុងឃុំនៅតែជក់ចិត្តចំពោះរបរនេះយ៉ាងស្វិតស្វាញ។ ចំណែកឯកុមារ ដែលមានអាយុចាប់ពី ១០ ឆ្នាំក៏មានជំនាញត្បាញឫស្សីយ៉ាងឆាប់រហ័សផងដែរ។ ប្រការនេះបានជួយឱ្យរបរត្បាញប្រពៃណីរបស់ឃុំ Ngoc Chien ត្រូវបានថែរក្សា និងអភិវឌ្ឍន៍ជាច្រើនជំនាន់។ លោក Lo Van Thu មកពីភូមិ Na Tau ឃុំ Ngoc Chien បានចែករំលែកថា៖ “ខ្ញុំទើបតែហាត់ត្បាញទេ។ ខ្ញុំបានរៀនសូត្រពី ជីដូនជីតា និងឪពុកម្តាយ ដើម្បីរក្សាអត្តសញ្ញាណជាតិរបស់ខ្ញុំ ព្រមទាំងរកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ។ ខ្ញុំបានរៀនរបរនេះ ដើម្បីបង្រៀនដល់កូនចៅជំនាន់ក្រោយទៀត”។

នាបច្ចុប្បន្ន នៅឃុំ Ngoc Chien មានគ្រួសារជាង ៣០០ គ្រូបានប្រកបរបរត្បាញផ្តៅ និងឬស្សី ដែលប្រមូលផ្តុំនៅភូមិដូចជា Na Tau, Dong Xuong, Long Cang, Muong Chien, ភូមិ Luot និង Nam Nghiep។ នារយៈពេលកន្លងទៅ ដើម្បីថែរក្សា និងអភិវឌ្ឍន៍របរត្បាញផ្តៅ និងឬស្សី ឃុំ Ngoc Chien បានចលនាដល់ព្រឹទ្ធាចារ្យឃុំ ដែលជំនាញរបរនេះ ដើម្បីបន្តមរតកដល់កូនចៅ ព្រមទាំងបង្កើតជាក្រុមៗ ដែលមានគ្រួសារពី ៥ ទៅ ១០ គ្រួ សំដៅជួយគ្នាអំពីបច្ចេកទេស។ ជាពិសេសគឺ តម្រង់ទិសអភិវឌ្ឍន៍របរត្បាញផ្តៅនិងឫស្សី ដែលផ្សារភ្ជាប់ជាមួយផលិតផលទេសចរណ៍ដ៏វិសេសវិសាល។

របរត្បាញផ្តៅ និងឬស្សី នៅតំបន់ព្រៃភ្នំ Ngoc Chien - ảnh 2របរត្បាញផ្តៅ និងឬស្សី នៅតំបន់ព្រៃភ្នំ Ngoc Chien

លោក Bui Tien Sy លេខាគណៈកម្មាធិការបក្សឃុំ Ngoc Chien បានឲ្យដឹងថា៖ “របរត្បាញផ្តៅ និងឫស្សីគឺជារបរសិប្បកម្មដ៏វិសេសវិសាលរបស់ឃុំ Ngoc Chien។ ការថែរក្សារបរមិនត្រឹមតែបានជួយថែរក្សាវប្បធម៌របស់ដូនតាបន្សល់ទុកមកប៉ុណ្ណោះទេ ថែមទាំងបានបង្កើតផលិតផលគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរទៀតផង។ គោលការរបស់ឃុំគឺបង្កើតសហករណ៍តម្បាញផ្តៅ និងឫស្សី។ "យើងខ្ញុំបានជ្រើសរើសផ្ទះវប្បធម៌សហគមន៍នៅភូមិ Luot សម្រាប់បណ្ដាគ្រួសារមកអនុវត្តន៍ផ្ទាល់នូវដំណើរការត្បាញផលិតផលសិប្បកម្ម ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាដកបទពិសោធន៍ ក៏ដូចជាត្បាញផលិតផល ដើម្បីលក់ជូនភ្ញៀវទេសចរ សំដៅនាំមកនូវប្រាក់ចំណូលសម្រាប់អ្នកឃុំផងដែរ"។

របស់របរជិតស្និទ្ធពីផ្តៅ និងឬស្សី នៅតែមានវត្តមានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយជាសក្ខីភាពពីកម្លាំងកាយចិត្តរបស់អ្នកឃុំ Ngoc Chien ក្នុងការថែរក្សារបរប្រពៃណី។ ចំពោះភ្ញៀវទេសចរជាច្រើន ការត្បាញផ្តៅ និងឬស្សីក៏ជាការឆ្លងបទពិសោធន៍ដ៏វិសេសវិសាល គួរឲ្យចងចាំ នៅពេលមានឱកាសមកទស្សនាតំបន់ព្រៃភ្នំ Ngoc Chien ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ