របរធ្វើគុយទាវនៅទីក្រុង Can Tho

(VOVWORLD) - ភូមិរបរធ្វើគុយទាវនៅខ័ណ្ឌ Cai Rang ទីក្រុង Can Tho បានក្លាយទៅជាវប្បធម៌ពិសេសមួយនៅទីនេះ។ 
របរធ្វើគុយទាវនៅទីក្រុង Can Tho - ảnh 1លោក Huynh Huu Hoai ម្ចាស់ឡធ្វើគុយទាវ Sau Hoai

កាលពីមុន តំបន់នេះមានគ្រួសារជាច្រើនបានប្រកបរបរធ្វើគុយទាវ ដូច្នេះហើយទើបបង្កើតជាភូមិរបរ។ នាបច្ចុប្បន្ននេះ គ្រួសារតិចតូចបានរក្សាមុខរបរនេះប៉ុណ្ណោះ ប៉ុន្តែនៅតែជាឡផលិតគុយទាវដ៏ធំនៅតំបន់ដីសណ្តទន្លេ Cuu Long ផងដែរ។

Hu Tieu គឺជាមុខម្ហូបប្រចាំតំបន់ណាមបូខាងកើត។ សរសៃគុយទាវធ្វើពីអង្ករ Nung មានរសជាតិឆ្លាញ់ពិសារជាងសរសៃគុយទាវដែលធ្វើពីប្រភេទអង្ករដទៃទៀត។ ទោះយ៉ាងណាក៏ដោយ នាបច្ចុប្បន្បនេះ អង្ករ Nung នៅទីក្រុង Can Tho កម្រមានជាងមុន ហើយមិនអាចឆ្លើយតបនឹងតម្រូវការផលិតគុយទាវទៀតឡើយ។ បណ្ដាម្ចាស់ឡធ្វើគុយទាវនៅទីក្រុង Can Tho ត្រូវទៅកាន់ទីក្រុង Sa Dec ខេត្ត Dong Thap ដើម្បីជ្រើសរើសអង្ករសមស្របសម្រាប់ធ្វើគុយទាវ។

របរធ្វើគុយទាវនៅទីក្រុង Can Tho - ảnh 2Pizza គុយទាវ

Cai Rang គឺជាទីកន្លែងដែលមានគ្រួសារជាច្រើនបានប្រកបរបរធ្វើគុយទាវ ហើយល្បីបំផុតគឺឡធ្វើគុយទាវ Cuu Chin និង Sau Hoai ។ គ្រួសារនីមួយៗមានរូបមន្តអាថ៌កំបាំងរៀងៗខ្លួនក្នុងដំណាក់កាលធ្វើសរសៃគុយទាវនីមួយៗ ។ លោក Huynh Huu Hoai ម្ចាស់ឡធ្វើគុយទាវ Sau Hoai បានឲ្យដឹងថា៖ “នៅពេលដែលខ្ញុំបានដាក់បន្លែ និងផ្លែឈើទៅក្នុងផលិតផលសរសៃគុយទាវឲ្យមានពណ៌និងជីវជាតិច្រើននោះ ផលិតផលរបស់ខ្ញុំលក់ដាច់ជាងមុនច្រើនណាស់ ហើយតម្លៃក៏បានកើនឡើង ៤ ដងបើប្រៀបធៀបនឹងសរសៃគុយទាវពណ៌ប្រពៃណីផងដែរ។ យើងខ្ញុំបានខិតខំប្រឹងប្រែងដើម្បីដំណើរការភូមិរបរនេះ ដូច្នេះហើយ យើងខ្ញុំបានលើកទឹកចិត្តដល់អតិថិជនអញ្ជើញមកទស្សនា និងស្វែងយល់អំបីរបរនេះ”។

ក្រៅពីមុខម្ហូបដ៏ឆ្ងាញ់ពិសារ ដែលត្រូវបានកែច្នៃពីគុយទាវដូចជា គុយទាវណាំវ៉ាង គុយទាវគ្រឿងសមុទ្រ និងគុយទាវឆ្អឹងជាដើម លោកអ្នកក៏មានឱកាសទទួលទាន Pizza គុយទាវដ៏ឆ្ងាញ់ពិសារនៅទីក្រុង Can Tho។ បន្ទាប់ពីឆ្លងកាត់ដំណាក់កាលកែច្នៃមក គុយទាវត្រូវបានចៀន ដើម្បីបង្កើតជាសំបកស្រួយឆ្ងាញ់។ នៅពេលដាក់នៅលើចាន ហាក់ដូចជានំ Pizza អញ្ជើញ។ Pizza គុយទាវត្រូវបានបរិភោគជាមួយពងចៀន សណ្ដែកដី ទឹកម្ទេស ឬទឹកប៉េងប៉ោះ។ លោកស្រី Nguyen Thi Diem Thuy ពលរដ្ឋម្នាក់នៅស្រុក Cai Rang ទីក្រុង Can Tho បានឲ្យដឹងថា៖ “នៅពេលដែលភ្ញៀវទេសចរអញ្ជើញមកទស្សនាភូមិរបរគុយទាវនោះ ពួកគេចូលចិត្តទទួលទានគុយទាវណាស់។ លើសពីនេះទៅទៀត ភ្ញៀវទេសចរបារាំងក៏ចូលចិត្ត Pizza គុយទាវផងដែរ”។

បច្ចុប្បន្ននេះ ទោះបីជាមានម៉ាស៊ីនជំនួសក៏ដោយ ប៉ុន្តែដំណាក់កាលធ្វើគុយទាវជាច្រើននៅតែត្រូវការបាតដៃដ៏ប៉ិនប្រសបពីមនុស្ស។ អញ្ជើញមកទស្សនាឡធ្វើគុយទាវ ភ្ញៀវទេសចរមានឱកាសស្វែងយល់អំពីប្រវត្តិសាស្ត្រភូមិរបរគុយទាវ ព្រមទាំងរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជុំវិញផលិតផលចម្រុះពណ៌នេះ។ ជាពិសេសភ្ញៀវទេសចរក៏មានឱកាសចូលរួមធ្វើសរសៃគុយទាវ។ លោកស្រី Duong Thi Kim Ba អ្នកធ្វើគុយទាវម្នាក់នៅឡធ្វើគុយទាវ Sau Hoai បានឲ្យដឹងថា៖ “ធ្វើការនៅទីនេះពិតជាសប្បាយណាស់ ព្រោះថាភ្ញៀវអញ្ជើញមកទស្សនាយ៉ាងច្រើនកុះករទាំងយប់ទាំងថ្ងៃ។ ដូច្នេះហើយ ពលកររកបានប្រាក់ចំណូលបន្ថែមប្រកបដោយស្ថិរភាពប្រចាំថ្ងៃ ព្រមទាំងបង្កើតគោលដៅទេសចរណ៍សម្រាប់ភ្ញៀវមកទស្សនាផងដែរ”។

ថ្វីត្បិតតែមានអាយុកាលយូរណាស់មកហើយក៏ដោយ ប៉ុន្តែឡធ្វើគុយទាវនៅទីក្រុង Can Tho នៅតែរក្សាបានតម្លៃប្រពៃណីរបស់ខ្លួនដដែល។ សិប្បករនៅភូមិរបរតែងតែថែរក្សា និងអភិវឌ្ឍន៍ភូមិរបរយ៉ាងសម្បូរបែប។ ឡធ្វើគុយទាវក៏ជាគោលដៅគួរឲ្យទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរនៅពេលអញ្ជើញមកទីក្រុង Can Tho ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ