ស្រុក Ha Quang ខេត្ត Cao Bang ខិតខំរួចផុតពីភាពក្រីក្រនៅឆ្នាំ២០២៥
(VOVWORLD) - ស្រុក Ha Quang នៅខេត្ត Cao Bang ជាស្រុកព្រំដែននៅតំបន់ភ្នំភាគខាងជើងវៀតណាម។ ស្រុកនេះមានឃុំ-ទីរួមស្រុកចំនួន ២១ ប្រជាជនភាគច្រើនជាជនជាតិភាគតិច។ ដោយសារស្ថិតនៅតំបន់ភ្នំខ្ពស់ ការធ្វើដំណើរជួបការលំបាកហើយបរិមាណទឹកភ្លៀងជាមធ្យមប្រចាំឆ្នាំមានកម្រិតទាប បណ្តាលឱ្យខ្វះទឹកសម្រាប់ការបង្កបង្កើនផល ដូច្នេះជីវភាពរស់នៅរបស់ប្រជាជននៅទីនេះជួបការលំបាកយ៉ាងខ្លាំង។ ស្រុកកំពុងខិតខំប្រឹងប្រែង ឈានឡើងរួចផុតពីភាពក្រីក្រនៅឆ្នាំ២០២៥។
ជ្រុងមួយនៃឃុំ Thuong Thon ស្រុក Ha Quang មើលពីលើ។ (រូបថត៖ Ngoc Anh) |
មុននេះ គ្រួសាររបស់លោក Ly Van No នៅឃុំ Thuong Thon ស្រុក Ha Quang រស់នៅក្នុងផ្ទះតូចចង្អៀតមួយខ្នង សង់ដោយក្តារឈើចាស់ទ្រុឌទ្រោម និងសសរឬស្សី ឥឡូវនេះបន្ទាប់ពីអាជ្ញាធរមូលដ្ឋានជួយសាងសង់ផ្ទះធំទូលាយ ដោយមានជាន់បេតុង សសរស្តម្ភឈើ និងដំបូលប្រក់ស័ង្កសី ដូច្នេះហើយគ្រួសារគាត់មានជីវភាពលំនឹង និងនឹងនរចិត្តប្រកបការងាររកស៊ី។
“គ្រួសារខ្ញុំត្រូវបានរដ្ឋផ្ដល់ជំនួយថវិកាចំនួន ៤០ លានដុង ដើម្បីសាងសង់ផ្ទះ។ រដ្ឋក៏ឧបត្ថម្ភសត្វគោ១ក្បាលសម្រាប់ចិញ្ចឹមបន្តពូជ។ ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម ត្រូវបានជំនួសដោយផ្ទះថ្មីរួចរាល់ហើយ ខ្ញុំសប្បាយចិត្តណាស់។ ផ្ទះចាស់ ពេលដែលមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ខ្ញុំខ្លាចវាដួលរលំ ហើយមានគ្រោះថ្នាក់ ប៉ុន្តែឥឡូវភ្លៀងខ្យល់ក៏អត់អីទេ។ ខ្ញុំសុខចិត្តហើយ”។
លោក Ly Van No និងហ្វុងក្របីរបស់គ្រួសារ។ (រូបថត៖ Ngoc Anh) |
គ្រួសាររបស់លោក Ly Van No គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារជាច្រើនដែលទទួលបានជំនួយឧបត្ថម្ភដោយកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមសម្រាប់ជនជាតិភាគតិចនៅស្រុក Ha Quang។ ក្នុងឆ្នាំ ២០២០ ពីប្រភពថវិការបស់ក្រសួងនគរបាល និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ខេត្ត Cao Bang បានជួយឧបត្ថម្ភប្រជាជនក្រីក្រចំនួន ៨២៦ គ្រួសារនៅស្រុក Ha Quang ឲ្យមានផ្ទះថ្មី។ ស្រុក Ha Quang គឺជាចំណុចភ្លឺ ដែលឈានមុខគេក្នុងចលនាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមនៅខេត្ត Cao Bang។ ចាប់ពីឆ្នាំ ២០២១ មក ស្រុកបានលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមចំនួន ១៥២៦ ខ្នង។ ត្រឹមដំណាច់ឆ្នាំ ២០២៥ គ្រួសារដែលរស់នៅក្នុងផ្ទះបណ្ដោះអាសន្ន ឬផ្ទះគ្មានសុវត្ថិភាព នឹងត្រូវបានជួយឧបត្ថម្ភរុះរើផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមជាស្ថាពរ។ លោកស្រី Nguyen Thi Phuong អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Ha Quang បានឲ្យដឹងថា៖
“នៅឆ្នាំ ២០២៤ ស្រុក Ha Quang ត្រូវបានប្រគល់ភារកិច្ចឱ្យរុះរើផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមចំនួន ១.១៣៤ ខ្នង។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៤ យើងខ្ញុំបានរុះរើផ្ទះជិត ៤៥០ ខ្នង ទាន់តាមកាលវិភាគដែលបានដាក់ចេញ។ ការអនុវត្តគម្រោងរុះរើផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមក៏ជួបការលំបាកដែរ។ ឧទាហរណ៍ថា នៅពេលសាងសង់ផ្ទះ ប្រជាពលរដ្ឋត្រូវពិនិត្យមើលអាយុ និងកាលបរិច្ឆេទ ហើយផ្ទៃដីមានភ្នំថ្មកំបោរច្រើន ដូច្នេះការសាងសង់ជួបការលំបាក។ វិធានការដំបូងបង្អស់ គឺយើងខ្ញុំធ្វើការឃោសនាដល់ប្រជាពលរដ្ឋដើម្បីឱ្យពួកគេយល់ថា តើទំនៀមទម្លាប់ណាមួយដែលអាចបោះបង់ចោលបាន”។
ក្នុងការកសាងជនបទថ្មី ស្រុក Ha Quang បានដឹកនាំឲ្យផ្តោតសំខាន់ទៅលើរូបមន្តដើមឈើ ៣ ប្រភេទ សត្វ ២ ប្រភេទ (ថ្នាំជក់ ពោត សណ្ដែកដី គោ និងជ្រូកខ្មៅ)។ មកទល់ពេលនេះ ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជននៅស្រុក Ha Quang សម្រេចបានជាង ២៤ លានដុង/ម្នាក់/ឆ្នាំ (ជិត ១.០០០ដុល្លារអាមេរិក/ម្នាក់/ឆ្នាំ) កើនឡើងជិត២លានដុង (ជិត ១០០ដុល្លារ) បើធៀបនឹងឆ្នាំ២០២១។ លោក Hoang Van Sy ប្រជាពលរដ្ឋនៅឃុំ Thuong Thon ស្រុក Ha Quang បានឲ្យដឹងថា៖
“ពីមុន ស្ថានភាពគ្រួសារយើងខ្ញុំពិបាកខ្លាំងណាស់។ ចាប់តាំងពីឆ្នាំ ២០១៦ មក គ្រួសារបានផ្លាស់ប្តូរពូជដំណាំ ដោយដាំពោតកូនកាត់ ចិញ្ចឹមជ្រូក និងមាន់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ ថ្មីៗនេះ គ្រួសារទទួលបានការយកចិត្តទុកពីរដ្ឋ ដោយជួយខ្ចីដើមទុនពីធនាគារគោលនយោបាយ ដើម្បីទិញកូនពូជ និងសាងសង់ផ្ទះ។ អាស្រ័យហេតុនេះ គ្រួសារខ្ញុំបានរួចផុតពីភាពក្រីក្រទៅហើយ”។
ក្នុងកម្មវិធីគោលដៅជាតិទាំង ៣ (កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច; កម្មវិធីគោលដៅជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព; កម្មវិធីគោលដៅជាតិសម្រាប់ការកសាងជនបទថ្មី) ស្រុក Ha Quang សុទ្ធតែអនុវត្តន៍
គម្រោងនិងអនុគម្រោងជាច្រើន។ លោក Pham Xuan Tung លេខារងគណៈកម្មាធិការបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុក Ha Quang បានឲ្យដឹងថា៖
“ការអនុវត្តកម្មវិធីគោលដៅជាតិនៅស្រុក Ha Quang ចាប់ពីឆ្នាំ ២០២១ មក មានវឌ្ឍនភាពជាក់ស្ដែង។ រហូតមកដល់ពេលនេះ ឃុំទាំង ១០០% មានផ្លូវរថយន្តទៅកាន់កណ្តាលភូមិ។ ភូមិចំនួន ៩៧% បានតភ្ជាប់បណ្ដាញអគ្គិសនីជាតិ ភូមិជិត ១០០% ទទួលបានរលកសារព័ត៌មាន។ ប្រព័ន្ធអាងស្តុកទឹក និងប្រព័ន្ធប្រឡាយបង្ហូរទឹក បានជួយប្រជាជននៅតំបន់ភ្នំ មានទឹកគ្រប់គ្រាន់សម្រាប់ជីវភាពប្រចាំថ្ងៃ និងមួយចំណែកទៀតសម្រាប់បម្រើផលិតកម្ម។ យើងខ្ញុំបានផ្តោតលើការជួយឧបត្ថម្ភប្រជាជននូវដើមទុនផលិតកម្ម គំរូផលិតកម្មតាមខ្សែសង្វាក់តម្លៃដោយតភ្ជាប់ជាមួយសហគ្រាស និងសហករណ៍ និងគំរូផលិតកម្មសហគមន៍។ សកម្មភាពទាំងនេះបានបង្កើតការងាររកស៊ី និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។ អត្រាគ្រួសារក្រីក្រនៅស្រុក Ha Quang ពីឆ្នាំ ២០២០ មក មានការផ្លាស់ប្ដូរយ៉ាងច្បាស់លាស់។ ស្រុកខិតខំប្រឹងប្រែងប្រែក្លាយជាស្រុកគ្មានភាពក្រីក្រត្រឹមដំណាច់ឆ្នាំ២០២៥”។
ស្រុក Ha Quang ខេត្ត Cao Bang បានអនុវត្តន៍ដោយព្រមៗគ្នានូវដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ អាស្រ័យហេតុនេះ អត្រាគ្រួសារក្រីក្រនៅក្នុងមូលដ្ឋានបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ពី ៤% ទៅ ៦% ក្នុងមួយឆ្នាំ ជីវភាពរស់នៅរបស់ប្រជាជនមានការផ្លាស់ប្ដូរជាវិជ្ជមាន សុខុមាលភាពសង្គមត្រូវបានធានាជាស្ថាពរ។ លទ្ធផលនេះគឺជាការលើកទឹកចិត្តដើម្បីឲ្យស្រុកឈានឡើងរួចផុតពីភាពក្រីក្រនៅឆ្នាំ២០២៥៕