អញ្ជើញទទួលទានមុខម្ហូបប្រចាំតំបន់ព្រៃភ្នំភាគភាគឦសាននៅស្រុក Thach An
(VOVWORLD) - ចាហួយខ្មៅគឺជាមុខម្ហូបមួយក្នុងចំណោមមុខម្ហូបដ៏ជិតស្និទ្ធ និងសាមញ្ញារបស់ប្រជាជននៅតំបន់ព្រៃភ្នំ Cao Bang ។ ពីមុខម្ហូបសាមញ្ញៗរបស់ប្រជាជនស្រុក Thach An ខេត្ត Cao Bang បច្ចុប្បន្ននេះ ចាហួយខ្មៅមានភាពល្បីល្បាញគ្រប់ទីកន្លែង ដូចជាមុខម្ហូបដ៏ឆ្ងាញ់ពិសារ សម្រាប់ភ្ញៀវទេសចរនៅពេលមាន ឱកាសទៅទស្សនាខេត្ត Cao Bang។ ចាហួយខ្មៅ Thach An បានក្លាយទៅជាពាណិជ្ជសញ្ញាលេខ ១ របស់វៀតណាមលើវិស័យផលិតកម្មចាហួយខ្មៅ (តៅកឺ)ស្អាត សុវត្ថិភាព ធម្មជាតិ ជួយអភិវឌ្ឍសេដ្ឋកិច្ចដល់ប្រជាជនក្នុងតំបន់។
ចាហួយខ្មៅត្រូវបានផលិត និងកែច្នៃទាំងស្រុងពីគ្រឿងផ្សំធម្មជាតិ។ រូបថត៖ VOV |
ធ្វើដំណើរឆ្លងកាត់ទីរួមស្រុក Dong Khe (ស្រុក Thach An ខេត្ត Cao Bang) ភ្ញៀវទេសចរនឹងឃើញតូបលក់មុខម្ហូបចាហួយខ្មៅប្រចាំតំបន់ជាច្រើន ដែលធ្វើពីស្លឹកចាហួយខ្មៅ (ហៅម្យ៉ាងទៀតថាដើមតៅកឺ)។ តូបលក់ចាហួយខ្មៅ តែងតែមានអតិថិជនមកទិញយ៉ាងច្រើនកុះករ ហើយភាគច្រើនបានធ្វើជាកាដូនៅពេលមានឱកាសទៅកាន់ខេត្ត Cao Bang។
កាលពីច្រើនឆ្នាំមុន ប្រជាជនក្នុងតំបន់ត្រឹមតែកែច្នៃចាហួយខ្មៅដើម្បីទទួលទានក្នុងរដូវក្តៅស្អុះស្អាប់តែប៉ុណ្ណោះ ព្រោះថាម្ហូបចាហួយខ្មៅត្រជាក់ ហើយមានប្រយោជន៍សម្រាប់ការរំលាយអាហារ។ អ្នកស្រី Nông Thị Lệ Thuỳ ម្ចាស់សិប្បកម្មចាហួយខ្មៅ Lệ Thuỳ បានរំលឹកថា នាគ្រនោះ ប្រជាជន Thạch An នៅតែប្រើចង្ក្រានអុសសម្រាប់ចម្អិនចាហួយ និងរក្សាទុកវាដោយត្រាំក្នុងទឹក ព្រោះថាមិនទាន់មានទូទឹកកកឡើយ។ នៅពេលដែលម្ហូបដ៏សាមញ្ញានេះត្រូវបានទីផ្សារទទួលយកជាមួយនឹងបរិមាណទទួលទានកាន់តែកើនឡើងពី ពាណិជ្ជសញ្ញាចាហួយ Thạch An កាន់តែត្រូវបានមនុស្សជាច្រើនស្គាល់ដល់ពីមួយថ្ងៃទៅមួយថ្ងៃ។
“ខ្ញុំបានបន្តមុខរបររបស់ដូនតាបន្យល់ទុកមកតាំងពីយូរណាស់មកហើយ នាគ្រានោះ មិនទាន់មានចង្ក្រានហ្គាស ឬចង្ក្រានអគ្គិសនីដូចបច្ចុប្បន្នឡើយ ពោលគឺប្រើប្រាស់ចង្ក្រានអុសវិញ។ ជាក់ស្ដែង ចម្អិនស្លឹកចាហួយពី ១ ទៅ ២ គីឡូក្រាម គឺទទួលបានចាហួយពី ២០ ទៅ ៣០ គីឡូក្រាម រួចចាក់ចូលឆ្នាំងធំមួយ ហើយត្រាំក្នុងទឹក ដើម្បីរក្សាវាឱ្យបានយូរ។ បច្ចុប្បន្ននេះ គឺទំនើបជាង ដោយប្រើប្រាស់ចង្ក្រានអគ្គិសនីជួយកាត់បន្ថយការចំណាយកម្លាំង ហើយចាហួយក៏ឆ្ងាញ់ពិសារជាងផងដែរ”។
ក្នុងរដូវក្តៅ ជារៀងរាល់ថ្ងៃ សិប្បកម្មរបស់អ្នកស្រី Thuy ផលិត និងលក់ចាហួយខ្មៅជិត ៣ ០០០ ប្រអប់ (ស្មើនឹង ៣ តោន) ហើយភាគច្រើនផ្គត់ផ្គង់ដល់ទីផ្សារទីក្រុងហាណូយ ហាយហ្វុង និងក្វាងនិញ ហើយភ្ញៀវទេសចរទិញមកធ្វើជាកាដូ។ នាដើមខែមេសានេះ ថ្វីត្បិតតែមិនទាន់ដល់រដូវបញ្ចេញលក់ចាហួយយ៉ាងច្រើនកុះករក៏ដោយ ប៉ុន្តែកម្មករនៅសិប្បក្ម Lệ Thuỳ តែងតែមមាញឹកពេញមួយថ្ងៃ។រៀបដាក់ប្រអប់ចាហួយនីមួយៗ ចូលក្នុងកេះយ៉ាងឆាប់រហ័ស ដើម្បីប្រគល់ជូនអតិថិជន អ្នកស្រី Lương Thu Lành បានចែករំលែកថា៖
“ខ្ញុំគិតថាធ្វើការនៅទីនេះល្អជាងធ្វើការជាកម្មករព្រោះនៅជិតផ្ទះនិងគ្រួសារ។ ប្រាក់ចំណូលប្រចាំថ្ងៃជាមធ្យមគឺ ៤០ ទៅ ៥០ ម៉ឺនដុង។ ខ្ញុំក៏មានគោលបំណងចង់ប្រកបការងារនេះយ៉ាងយូរ ព្រោះថាម្ចាស់សិប្បកម្មមានទឹកចិត្តល្អ ធ្វើឲ្យខ្ញុំមានកម្លាំងចិត្តធ្វើការផងដែរ”។
ចាហួយខ្មៅត្រូវបានផលិត និងកែច្នៃទាំងស្រុងពីគ្រឿងផ្សំធម្មជាតិ។ រូបថត៖ VOV |
ចាហួយខ្មៅ Thạch An Cao Bằng ត្រូវបានផលិត និងកែច្នៃពីវត្ថុធាតុដើមធម្មជាតិទាំងស្រុងគឺ ស្លឹកចាហួយខ្មៅនៅព្រៃ។ នាដើមឆ្នាំ ២០១៥ ម៉ាកយីហោ Thạch An– ចាហួយ Cao Bằng បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារហើយទទួលបានការនិយមចូលចិត្តយ៉ាងធំធេង។ ដល់ឆ្នាំ ២០២២ ម្ហូបចាហួយខ្មៅ Thạch Anបន្តត្រូវបានលើកតម្កើងជា "ពាណិជ្ជសញ្ញាមាសកសិកម្មវៀតណាម" ហើយទទួលបានស្តង់ដារ OCOP ផ្កាយ ៣ ថ្នាក់ខេត្ត។ បច្ចុប្បន្ននេះ ចាហួយខ្មៅ Thạch An បានក្លាយទៅជាអាស័យដ្ឋានបៃតងជាទីទុកចិត្តសម្រាប់អតិថិជន។ ដោយទទួលបានប្រជាប្រិយភាពច្រើន ភ្ញៀវទេសចរដែលមានឱកាសទៅកាន់ Thạch An សុទ្ធតែមានបំណងចង់ទិញចាហួយខ្មៅពីបីប្រអប់ទុកជាកាដូជូនក្រុមគ្រួសារ និងមិត្តភក្ដិ។ លោក Nguyen Van Bao មកពីស្រុក Luc Ngan ខេត្ត Bac Giang បាននិយាយថា លោកចូលចិត្តចាហួយខ្មៅ Cao Bang ណាស់។
“ខ្ញុំបានទៅកាន់ខេត្ត Cao Bang ជាញឹកញយ តាំងពីឆ្នាំ ២០១៩ មក នៅពេលទៅដល់ Thạch An ម្ដង់ៗ ខ្ញុំក៏បានទិញចាហួយខ្មៅ។ ពោលគឺខ្ញុំបានមកកាន់ទីនេះ ប្រមាណ ១០ ដងក្នុងមួយឆ្នាំ ហើយខ្ញុំតែងតែទិញចាហួយរាប់សិបប្រអប់ជូនបងប្អូន មិត្តភក្តិ និងសហការីក្នុងក្រុមហ៊ុន។ រសជាតិចាហួយពិតជាឆ្ងាញ់ពិសារណាស់”។
បច្ចុប្បន្ននេះ ជាមួយនឹងផ្ទៃដីដាំដិះជិត ៤០០ ហិកតា ចាហួយខ្មៅក៏បានក្លាយទៅជាដើមឈើមុខព្រួញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ហើយរបរធ្វើចាហួយខ្មៅក៏បាននាំមកនូវប្រាក់ចំណូលស្ថិរភាពដល់គ្រួសារជាច្រើនផងដែរ។ ជាមួយនឹងអត្ថប្រយោជន៍នៃតំបន់វត្ថុធាតុដើមដ៏សម្បូរបែប និងទីផ្សារបញ្ចេញលក់ប្រកបដោយស្ថិរភាព ផលិតផលចាហួយខ្មៅរបស់ខេត្ត Cao Bang កាន់តែមានកន្លែងឈរជើងនៅលើទីផ្សារ ដោយសារបានចម្អិនតាមបែបសិប្បកម្ម មិនប្រើប្រាស់សារធាតុគីមី មានរសជាតិឆ្ងាញ់ពិសារ។ មិនត្រឹមតែត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅគ្រប់ប្រព័ន្ធផ្សារទំនើបធំតូចរបស់អាជីវកម្មទាំងជាតិ និងបរទេសនៅទូទាំងប្រទេសប៉ុណ្ណោះទេ ចាហួយខ្មៅ Thạch An ក៏ត្រូវបានចែកចាយនៅលើបណ្តាញពាណិជ្ជកម្មអេឡិចត្រូនិកមានកិត្យានុភាពទៀតផង៕