អញ្ជើញទស្សនាភូមិកុលាលភាជន៍ Bau Truc ខេត្ត Ninh Thuan
(VOVWORLD) - ភូមិកុលាលភាជន៍ Bau Truc ខេត្ត Ninh Thuan កាលពីអតីតកាលមានឈ្មោះថា Paley Hamu Trok ហើយល្បីឈ្មោះជាមួយរបរធ្វើកុលាលភាជន៍ ដែលត្រូវបានលោកគ្រូដើម Poklong Chanh មន្ត្រីមួយរូបក្នុងរជ្ជកាលស្តេច PoKlong Garai នៅតំបន់ Panduranga (១១៥១-១២០៥) បង្រៀនដល់អ្នកភូមិ។
អញ្ជើញទស្សនាភូមិកុលាលភាជន៍ Bau Truc ខេត្ត Ninh Thuan |
ឆ្លងកាត់អស់រយៈពេលប្រមាណ ១ ពាន់ឆ្នាំ អ្នកភូមិជនជាតិចាមនៅទីនេះ នៅតែរក្សាបានលក្ខណៈប្រពៃណីធ្វើគ្រឿងកុលាលភាជន៍ពីបុរមបុរាណរហូតដល់សព្វថ្ងៃ។ នេះគឺជាភូមិរបរមួយ ក្នុងចំណោមភូមិរបរចំណាស់បំផុតនៅអាស៊ីអាគ្នេយ៍ ដែលនៅតែអភិរក្សយ៉ាងល្អរបរប្រពៃណីធ្វគ្រឿងកុលាលភាជន៍ដោយដៃទាំងស្រុង។
បើនិយាយអំពីរបរសិប្បកម្មប្រពៃណីរបស់ជនជាតិចាម គឺមិនអាចមិនរំលឹកដល់របរធ្វើគ្រឿងកុលាលភាជន៍ ឬសិល្បៈធ្វើគ្រឿងកុលាលភាជន៍របស់គេឡើយ។ លក្ខណៈដ៏វិសេសវិសាលនៃគ្រឿងកុលាលភាជន៍ចាមគឺជាពិភពខាងវិញ្ញាណជំនឿ ទំនៀមទម្លាប់ និងវប្បធម៌ចាម ដែលបានបង្ហាញតាមរយៈកុលាលភាជន៍។ នៅភូមិ Bau Truc លិតផលកុលាលភាជន៍តែងតែមានរូបរាង និងរបាំស្រទន់របស់អប្សរា របាំព្រះសិវៈ តាមរយៈរូបចម្លាក់ ឬចម្លាក់លៀន លិង្គ យ៉ូនី ថូឈ្មោល-ញី របាំចាម និងសិល្បលេងកែន saranai ជាដើម។ សិល្បៈធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិចាមនៅភូមិ Bau Truc ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ លោកស្រី Dang Sinh Ai Chi អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមស្រុក Phuoc Dan បានសង្កត់ធ្ងន់ថា៖ “លក្ខណៈដ៏វិសេសវិសាលរបស់របរធ្វើកុលាលភាជន៍ Bau Truc គឺអ្នកភូមិបានធ្វើពីដៃ ពោលគឺមានលក្ខណៈសិប្បកម្ម។ តាមរយៈបាតដៃដ៏ប៉ិនប្រសប់ សិប្បករបានបង្កើតផលិតផលដ៏វិសេសវិសាលផងដែរ”។
នៅភូមិ Bau Truc ជាងស្មូនគ្រឿងកុលាលភាជន៍ត្រូវដើរជុំវិញផលិតផល ដោយបង្វិលផលិតផលកាន់តែយូរ គឺផលិតផលកាន់តែមូល និងស្រស់ស្អាត។ ក្នុងមួយថ្ងៃ ជាងស្មូនគ្រឿងកុលាលភាជន៍បានដើរជុំវិញផលិតផលដូច្នេះ ស្មើនឹងចម្ងាយពី ៥ ទៅ ៨ គីឡូម៉ែត្រ។ ក្រោយពីដំណាក់កាលស្មូនរួចរាល់ ផលិតផលត្រូវបានដុតនៅកណ្ដាលវាល។ អាស្រ័យលើផលិតផលនីមួយៗ និងបច្ចេកទេសបាញ់ពណ៌ ផលិតផលមានពណ៌ដ៏វិសេសវិសាលដូចជាពណ៌លឿង ក្រហម ផ្កាឈូក ប្រផេះ ខ្មៅ ប្រផេះ ត្នោតដ៏ស្រស់ស្អាត។ ដោយបានស្មូនពីដៃ មិនប្រើប្រាស់ស៊ុមឡើយ ដូច្នេះហើយផលិតផលនីមួយៗមានលក្ខណៈពិសេសដោយឡែកខ្ពស់។
ទាំងនេះគឺជាភាពខុសគ្នារវាងគ្រឿងកុលាលភាជន៍ចាមជាមួយប្រភេទកុលាលភាជន៍ផ្សេងៗទៀត។ លោកស្រី Dang Thi Dam អ្នកភូមិ Bau Truc ម្នាក់បាននិយាយថា៖ “គ្រួសារខ្ញុំបានប្រកបដោយរបរនេះ ហើយខ្ញុំជាជំនាន់ទី ៤។ យើងខ្ញុំបានបង្កើតផលិតផលកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃដូចជា៖ ចម្លាក់លៀន របស់របរសិល្បៈ និងថូ។ លើសពីនេះទៅទៀត ផលិតផលកាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”។
អញ្ជើញទស្សនាភូមិកុលាលភាជន៍ Bau Truc ខេត្ត Ninh Thuan |
នាថ្ងៃតី ២៩ ខែវិច្ឆិកា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីលើកទី ១៧ នៃអង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ដែលបានប្រព្រឹត្តទៅនៅប្រទេសម៉ារ៉ុក បេតិកភណ្ឌសិល្បៈធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិចាមត្រូវបាន UNESCO ដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ដែលចាំបាច់ត្រូវការពារជាបន្ទាន់។ លោក Van Cong Hoa អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ninh Thuan បានឲ្យដឹងថា៖ “ប្រសិនបើមិនបានការពារនោះ ភូមិរបរកុលាលភាជន៍នឹងត្រូវសាបរលាបនាពេលអនាគត។ អាចនិយាយបានថានេះជាបេតិកភណ្ឌវប្បធម៌អរូបីដ៏វិសេសវិសាល មានតែមួយគ្មានពីរនៅលើពិភពលោក។ គ្មានប្រទេសណាមានមានសិល្បធ្វើគ្រឿងកុលាលភាជន៍ដូចភូមិកុលាលភាជន៍ Bau Truc ឡើយ។ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) បានទទួលស្គាល់គ្រឿងកុលាលភាជន៍ Bau Truc គឺជាបេតិកភណ្ឌវប្បធម៌អរូបី ដែលចាំបាច់ត្រូវ ការពារជាបន្ទាន់នោះ រដ្ឋាភិបាលមានគោលនយោបាយការពារ ហើយអង្គការ UNESCO ក៏មានទិសដៅអភិរក្ស ពង្រីកតម្លៃភូមិកុលាលភាជន៍ Bau Truc ផងដែរ”។
គួរកត់សម្គាល់ថា ភូមិកុលាលភាជន៍ជាច្រើននៅលើពិភពលោកបានរងការសាបរលាបលែងរក្សាបានរបរប្រពៃណី ប៉ុន្តែរបរធ្វើគ្រឿងកុលាលភាជន៍ Bau Truc នៅតែស្ថិតស្ថិរដដែល ដោយរក្សាបានដួងប្រលឹងនៃគ្រឿងកុលាកភាជន៍បុរាណ។ នេះគឺតម្លៃដ៏វិសេសវិសាល និងគងវង្យនៃគ្រឿងកុលាលភាជន៍ Bau Truc ដែលត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិយ៉ាងសក្តិសមផងដែរ៕