អញ្ជើញ​ទស្សនាភូមិកុលាលភាជន៍បុរាណ Vinh Hong នៅ ខេត្ត Quang Ninh

(VOVWORLD) - ភូមិកុលាលភាជន៍ Vinh Hong នៅសង្កាត់ Vinh Hong ទីរួមស្រុក Dong Trieu ខេត្ត Quang Ninh គឺជាភូមិកុលាលភាជន៍បុរាណតែមួយគត់នៅតំបន់ "ដីរ៉ែ"។ ទីកន្លែងនេះមិនត្រឹមតែបានផលិតចេញផលិតផលកុលាលភាជន៍ដ៏វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងបានបង្កើតការងារធ្វើសម្រាប់ក្រុមគ្រួសាររាប់រយគ្រួនៅមូលដ្ឋានទៀតផង។
អញ្ជើញ​ទស្សនាភូមិកុលាលភាជន៍បុរាណ Vinh Hong នៅ ខេត្ត Quang Ninh - ảnh 1គ្រឿងកុលាលភាជន៍បុរាណ Vinh Hong នៅ ខេត្ត Quang Ninh

ចាស់ទុំភូមិបានដំណាលថា របរធ្វើកុលាលភាជន៍របស់ភូមិមានវត្តមានតាំងពីរសត្តវត្សរិ៍ទី ១៨ មក។ ជាងកុលាលភាជន៍ចំណាកស្រុកបាននាំយករបរនេះពីតំបន់ Gia Lam (ទីក្រុងហាណូយ) មកទីនេះ។ថ្វី ត្បិតតែ មិនមានប្រវត្តិសាស្ត្រដ៏យូរអង្វែង ដូចជាភូមិរបរកុលាលភាជន៍ដ៏ល្បីឈ្មោះដូចជា Bat Trang (ហាណូយ), Huong Canh (Vinh Phuc), Chu Dau (Hai Duong) ប៉ុន្តែផលិតផលកុលាលភាជន៍ Vinh Hong មានលក្ខណៈដ៏វិសេសវិសាលដោយឡែកពីការរចនាដ៏ស្រស់ស្អាត និងធន់បានល្អ។ ជាពិសេស នាបច្ចុប្បន្ន ភូមិកុលាលភាជន៍ប្រពៃណីនេះនៅតែរក្សាបានរបៀបដុតកុលាលភាជន៍ដោយឈើដដែល។ លោក Nguyen Xuan Thong ម្ចាស់សប្បកម្មកុលាលភាជន៍ម្នាក់ នៅ សង្កាត់ Vinh Hong បានឲ្យដឹងថា៖ “ឡឧសនេះអាចដុតបានទំនិញច្រើនណាស់ ពោលគឺម្តងអាចដុតបានផលិតផលរាប់រយ។ បើដុតដោយអុស គឺទំនិញធន់ណាស់ ព្រោះថាត្រូវបានកំដៅច្រើន ហើយតម្លៃចោកជាង បើប្រៀបធៀបនឹងឡហ្គាស។ ជាធម្មតា ឡហ្គាសមិនអាចដុតបានទំនិញធំៗច្រើនឡើយ។ ឡហ្គាសនីមួយៗអាចផ្ទុកផលិតផលបានរាប់សិបប៉ុណ្ណោះ ប៉ន្តែឡឧសអាចដុតបានផលិតផលធំៗជាច្រើន ក្នុងតម្លៃសមរម្យសម្រាប់អតិថិជនផងដែរ”។

បើតាមសិប្បករ Nguyen Dinh Cau បានឲ្យដឹងថាគ្រឿងកុលាលភាជន៍នៅ សង្កាត់ Vinh Hong ត្រូវបានដុតក្នុងរយៈពេល ២៤ ម៉ោងជាមួយនឹងសីតុណ្ហភាពចាប់ពី ១២០០ ទៅ ១៣០០ អង្សាសេ ខណៈពេលដែលភូមិកុលាលភាជន៍ប្រពៃណីជាច្រើនទៀតនៅតំបន់ដីសណ្ដ Bac Bo ត្រឹមតែដុតកុលាលភាជន៍នៅសីតុណ្ហភាព ៨០០ អង្សាសេប៉ុណ្ណោះ។ ដូច្នេះហើយ ផលិតផលគ្រឿងកុលាលភាជន៍នឹងមានគុណភាពខ្ពស់ មិនងាយប្រេះ ហើយក្បូរក្បាច់លំនាំមិនហើរពណ៌ឡើយ ដោយត្រូវបានឆ្លាក់ផ្ទាល់លើផលិតផលតែម្ដង។

ដើម្បីផលិតចេញគ្រឿងកុលាលភាជន៍មួយ ដែលមានគុណភាពល្អនោះ ជំហានដ៏សំខាន់បំផុតគឺការធ្វើពុម្ភ។ ប្រសិនបើធ្វើពុម្ភមិនបានល្អ ត្រូវវៀច ឬទឹកស្រោបមិនសមស្របនោះ  នៅពេលដាក់ផលិតផលចូលក្នុងឡនឹងត្រូវប្រេះភ្លាមៗ។ វិចិត្រករ Nguyen Dinh Cau បានឲ្យដឹងថា៖ “ការចាក់ពុម្ភគឺជាជំហានដំបូងដ៏សំខាន់ ប្រសិនបើយើងធ្វើពុម្ភ ប្រកបដោយគុណភាពល្អ ហើយរចនាផលិតផលស្អាត ទើបធ្វើចេញផលិផលស្អាត រលោង ដោយឆ្លើយតបនឹងស្ដង់ដាររបស់ភូមិកុលាលភាជន៍Vinh Hong”។

អញ្ជើញ​ទស្សនាភូមិកុលាលភាជន៍បុរាណ Vinh Hong នៅ ខេត្ត Quang Ninh - ảnh 2សកម្មភាពធ្វើគ្រឿងកុលាលភាជន៍បុរាណ Vinh Hong នៅ ខេត្ត Quang Ninh

ផលិតផល នៅភូមិកុលាលភាជន៍ Vinh Hong មិនត្រឹមតែបានបម្រើតម្រូវការរបស់ប្រជាជនក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងបាននាំចេញទៅកាន់បរទេសទៀតផង។ ក្រុមគ្រួសារផលិតនៅទីនេះក៏បានតភ្ជាប់ជាមួយក្រុមគ្រួសារផលិតកុលាលភាជន៍នៅតាមមូលដ្ឋានជុំរិញផងដែរ ដើម្បីបង្កើតឡើងសម្ព័ន្ធសមាគមកុលាលភាជន៍ Dong Trieu ដើម្បីជួយគ្នាទៅវិញទៅមករួមគ្នាអភិវឌ្ឍន៍ ក្នុងដំណើរការផលិតកម្ម និងការបញ្ចេញលក់។ នាពេលខាងមុខ នៅពេលដែលតំបន់ផលិតកុលាលភាជន៍ ដែលមានផ្ទៃដី ២០ ហិកតា ត្រូវបានបង្កើតឡើងនោះ ភូមិរបរកុលាលភាជន៍ Vinh Hong នឹងមានលក្ខខ័ណ្ឌអំណោយផល ដើម្បីបង្កើតគំរូតភ្ជាប់រវាងផលិតកម្ម និងសកម្មភាពទេសចរណ៍ជូនភ្ញៀវទេសចរ ដោយពង្រីកប្រវត្តិសាស្ត្រជាង ២០០ ឆ្នាំ នៃភូមិរបរដ៏ពេញទៅដោយប្រពៃណីនេះ។ លោក Le Van Tinh អនុប្រធានការិយាល័យសេដ្ឋកិច្ចទីរួមខេត្ត Dong Trieu បានឲ្យដឹងថា៖ “នារយៈពេលកន្លងទៅ យើងខ្ញុំបានកំណត់ថា របរធ្វើកុលាលភាជន៍ Dong Trieu គឺជារបរដ៏វិសេសវិសាល ដោយចាំបាច់ត្រូវអភិរក្ស និងពង្រីក។ ជាក់ស្ដែង យើងខ្ញុំបានបង្កើតសម្ព័ន្ធសមាគមកុលាលភាជន៍ Dong Trieu និងកសាងពាណិជ្ជសញ្ញាកុលាលភាជន៍ Dong Trieu។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានរួមសហការជាមួយមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបង្កើតមជ្ឈមណ្ឌលផលិតកុលាលភាជន៍នៅមូលដ្ឋាន ជួយសម្រួលសហគ្រាស ក៏ដូចជាក្រុមគ្រួសារនានានាំផលិតផលរបស់ខ្លួនចូលរួមកម្មវិធីជំរុញពាណិជ្ជកម្មផងដែរ”។

ការផ្លាស់ប្ដូរមុខមាត់នៃរបរធ្វើកុលាលភាជន៍ Dong Trieu ដើម្បីសម្របខ្លួនតាមជីវភាពរស់នៅទំនើប ក៏បានសរឲ្យឃើញពីភាពស្វាហាប់របស់អ្នកភូមិ ពោលគឺមិនត្រឹមតែបានថែរក្សារបរប៉ុណ្ណោះទេ ថែមទាំងបាននាំព្រលឹងរបរធ្វើកុលាលភាជន៍មូលដ្ឋានទៅកាន់មិត្តភក្តិអន្តរជាតិយ៉ាងច្រើនកុះករទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ