អ្នកដាំដើមម៉ាកខៃ និងក្រូចឃ្វិចនៅក្នុងរដូវកាលបុណ្យតេតប្រពៃណី ២០២១
(VOVWORLD) - ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ម្ចាស់ចំការម៉ាកខៃ និងក្រូវឃ្វិចនៅភូមិផ្កា Nhat Tan និងភូមិក្រូចឃ្វិច Tu Lien នៅខ័ណ្ឌ Tay Ho ទីក្រុងហាណូយជាប់មមាញឹកបំផុតក្នុងរដូវដាំដុះក្នុងឱកាសបុណ្យតេតប្រពៃណី ២០២១។ ដើមម៉ាកខៃ និងដើមក្រូចឃ្វិចនៅតាមចំការផ្កានានាត្រូវបានផ្គត់ផ្គង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ទីផ្សារទីក្រុងហាណូយ និងខេត្ត ក្រុងនានានៅទូទាំងប្រទេស។
ភូមិម៉ាកខៃ Nhat Tan |
នៅពេលអញ្ជើញមកដល់ភូមិម៉ាកខៃ Nhat Tan នោះ មនុស្សគ្រប់រូបមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបរិយាកាសមមាញឹករបស់អ្នកដាំដើមម៉ាកខៃនៅទីនេះ។ សម្លេងជជែកអ៊ូអរ សើចញញឹមយ៉ាងសប្បាយរីយរាយ លាយឡំនឹងបរិយាកាសធ្វើពលកម្មយ៉ាងសស្រាក់សស្រាំរបស់អ្នកភូមិក្នុងអាកាសធាតុត្រជាក់ក្នុងនិទាឃរដូវ។ ដោយមានបទពិសោធន៍អស់រយៈពេល ៧០ ឆ្នាំ ក្នុងការដាំដុះ និងថែទាំដើមម៉ាកខៃនោះ លោក Nguyen Thai Long អ្នកភូមិមួយរូបនៅភូមិ Dong សង្កាត់ Nhat Tan បានឲ្យដឹងថា៖ “ឥឡូវនេះខ្ញុំបានផ្តោតសំខាន់លើការថែទាំ ស្រោចទឹកដាក់ដើមម៉ាកខៃ ឲ្យ ផ្ការីករនៅចំនិទាឃរដូវ។ អាកាសធាតុនិទាឃរដូវឆ្នាំនេះពិតជាអំណោយផលណាស់ បានជាដើមម៉ាខៃអាចដុះផ្កាយ៉ាងស្រស់ស្អាត។ ឆ្នាំនេះ រដ្ឋាភិបាលបានហាមឃាត់ការទិញនិងលក់ដើមម៉ាកខៃព្រៃ ដូច្នេះអ្នកភូមិអាចលក់បានដាច់ជាងមុនផងដែរ”។
នាគ្រានេះ ការថែទាំដើមម៉ាកខៃមិនសូវនឿហត់ដូចទៅនឹងរយៈពេលប្រឡេះស្លឹកឡើយ ប៉ុន្តែអ្នកដាំម៉ាកខៃ នៅតែត្រូវថែទាំដើមម៉ាកខៃ យ៉ាងយកចិត្តទុកដាក់ទាំងយប់ទាំងថ្ងៃផងដែរ។ លោក Nguyen Van Hanh ម្ចាស់ចំការផ្កាម៉ាកខៃដែលមាន ៤០០ ដើមបានចែករំលែកអំពីបច្ចេកទេសថែទាំដើមម៉ាកខៃដូច្នេះថា៖ “យើងត្រូវតាមដានអាកាសធាតុជាបន្តបន្ទាប់ចាប់ពីពេលប្រឡេះស្លឹករហូតដល់ពេលលក់ដើមម៉ាកខៃ។ ប្រសិនបើអាកាសធាតុត្រជាក់ពេក គឺយើងត្រូវថែទាំ ដាក់ជី និងស្រោចទឹកឲ្យបានល្អ។ ប្រសិនបើអាកាសធាតុល្អធម្មតាវិញ គឺយើងមិនចាំបាច់ថែទាំដើមម៉ាកខៃច្រើនពេកឡើយ”។
នាបច្ចុប្បន្ននេះ ស្ថាប័ន និងក្រុមហ៊ុនជាច្រើនបានអញ្ជើញមកដល់ភូមិម៉ាកខៃ Nhat Tan និងក្រូចឃ្វិច Tu Lien ដើម្បីបញ្ជាទិញ ឬជួលដើមម៉ាកខៃក្នុងឱកាសឆ្នាំថ្មី។ លោក Thieu Chi Huynh អតិថិជនមួយរូប ដែលជាកម្មាភិបាលនៃគណកម្មាធិការទីក្រុង Vinh Yen បានឲ្យដឹងថា៖ “ឆ្នាំនេះក៏ដូចឆ្នាំទៅមិញដែរ ខ្ញុំក៏បានទៅទិញដើមម៉ាកខៃយឺតពេលបន្តិចដែរ។ កាលពីឆ្នាំមុន ខ្ញុំបានទៅទិញដើមម៉ាកខៃនៅភូមិផ្កា Nhat Tan ហើយអាចលេងរហូតដល់ពាក់កណ្ដាលខែ១តាមប្រតិទិនច័ន្ទគតិ។ ដើមម៉ាកខៃនៅទីនេះពិតជាស្រស់ស្អាតណាស់ ដូច្នេះខ្ញុំបានមកទិញនៅទីនេះអស់រយៈពេល ៤ ឆ្នាំហើយ។
ក្រូចឃ្វិច Tu Lien |
នៅក្បែរភូមិម៉ាកខៃ Nhat Tan នោះ ភូមិក្រូចឃ្វិច Tu Lien ក៏បានទទួលស្វាគមរអតិថិជនមកទិញដើមក្រូចឃ្វិចយ៉ាងអ៊ូអរផងដែរ”។នៅឆ្នាំនេះ ក្រៅពីដើមក្រូចឃ្វិចប្រពៃណីនោះ សិប្បករភូមិក្រូចឃ្វិចភូមិ Tu Lien ក៏មានគំនិតផ្ដួចផ្ដើមជាច្រើនអំពីរូបរាងសត្វក្របីនៃឆ្នាំឆ្លូវត្រីស័ក ២០២១។ ដើមក្រូចឃ្វិចណា ដែលមានទាំងផ្កា ពន្លក ផ្លែខ្វី និងផ្លែទុំ គឺទទួលបានការនិយមចូលចិត្តពីសំណាក់អតិថិជន។ ប៉ុន្តែ ដោយសាររងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ បានធ្វើឲ្យតម្លៃដើមក្រូចឃ្វិចចុះតម្លៃពី ១០ ទៅ ២០% បើប្រៀបធៀបនឹងឆ្នាំមុន។ អ្នកស្រី Pham Thu Thuy ម្ចាស់សួនផ្កា Sinh Thuy បានសំណេះសំណាលថា៖ “តម្លៃដើមក្រូចឃ្វិចឆ្នាំនេះបានធ្លាក់បន្តិច ហើយតម្រូការទីផ្សារក៏យចុះ ដែរ ដោយសារស្ថានភាពសេដ្ឋកិច្ចជួបការលំបាក។ នាគ្រានេះកាលពីឆ្នាំមុន ខ្ញុំលក់បានក្រូចឃ្វិចចំនួន ៥០ ដើម ប៉ុន្តែឆ្នាំនេះលក់បានត្រឹមតែ ៣០ ដើមតែប៉ុណ្ណោះ”។
ជាមួយនឹងគំនិតច្នៃប្រឌិតរបស់ម្ចាស់សួនផ្កានោះ ដើមក្រូវឃ្វិច និងដើមម៉ាកខៃតេតកាន់តែមានរូបរាងស្រស់ស្អាតថែមទៀត ដោយឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ព្រមទាំងនាំមកនូវបរិយាកាសនិទាឃរដូវជូនដល់គ្រប់ក្រុមគ្រួសារ។ ដោយនឿហត់ពេញមួយឆ្នាំមក អ្នកដាំដើមម៉ាកខៃ និងក្រូចឃ្វិចមានក្តីសង្ឃឹមថា នៅឆ្នាំនេះ អាកាសធាតុអំណោយផល ដើម្បីលក់បានដាច់ក្នុងតម្លៃសមរម្យ ក៏ដូចជានាំមកនូវបុណ្យតេតលាភសំណាង វិបុលភាពជូនមនុស្សគ្រប់រូបផងដែរ៕