បក្សពួក​ប៉ាឡេស្ទីន​បញ្ជាក់​ថា​នឹង​ធ្វើ​សកម្មភាព​ដោយ​ឯកភាព

(VOVWORLD) - កាលពីថ្ងៃទី ១ ខែមីនា បក្សពួកប៉ាឡេស្ទីន រួមទាំងក្រុមហាម៉ាស និងហ្វាតា បានបញ្ជាក់ថា ពួកគេនឹង "ធ្វើសកម្មភាពដោយឯកភាព" នៅក្នុងជម្លោះជាមួយអ៊ីស្រាអែល។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងម៉ូស្គូ (រុស្ស៊ី) ភាគីប៉ាឡេស្ទីនបានឲ្យដឹងថា ពួកគេនឹងរៀបចំកិច្ចសន្ទនាមួយនាពេលខាងមុខ ដើម្បីពង្រឹងសាមគ្គីភាពក្រោមទង់របស់អង្គការរំដោះប៉ាឡេស្ទីន (PLO)។ សេចក្តីថ្លែងការណ៍រួមក៏បានឲ្យដឹងថា ការចរចាប្រកបដោយស្ថាបនាបានឈានដល់ការឯកភាពគ្នាលើបញ្ហាជាច្រើន រួមទាំងការដកទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សានិងការបង្កើតរដ្ឋប៉ាឡេស្ទីន។

បក្សពួក​ប៉ាឡេស្ទីន​បញ្ជាក់​ថា​នឹង​ធ្វើ​សកម្មភាព​ដោយ​ឯកភាព - ảnh 1រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ជួបជាមួយបក្សពួកប៉ាឡេស្ទីននៅទីក្រុងម៉ូស្គូនៅថ្ងៃទី ២៩ ខែកុម្ភៈឆ្នាំ ២០២៤ ។ រូបថត៖ ក្រសួងការបរទេសរុស្ស៊ី

ក្នុងពេលជាមួយគ្នានោះ កាលពីថ្ងៃទី ១ មីនា ប្រទេសបារាំង និងអាល្លឺម៉ង់ បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ លើការបាញ់ផ្លោង ដែលបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនរាប់រយនាក់រងរបួស ខណៈពេលដែលកំពុងរង់ចាំទទួលជំនួយនៅតំបន់ហ្គាហ្សាភាគខាងជើង។ នៅថ្ងៃដដែល ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានសម្តែង "ការព្រួយបារម្ភយ៉ាងខ្លាំង" នៅពេលដែលចលនាអ៊ីស្លាមហាម៉ាសបានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីនចំនួន ១១២នាក់ដែលកំពុងរង់ចាំជំនួយនៅតំបន់ហ្គាហ្សាបានស្លាប់នៅថ្ងៃទី ២៩ ខែកុម្ភៈ បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានបើកការបាញ់ប្រហារ។ លោកស្រី Ursula von der Leyen បានកត់សម្គាល់ថា អ៊ីស្រាអែលត្រូវតែខិតខំប្រឹងប្រែងដើម្បីស៊ើបអង្កេតពីអ្វីដែលបានកើតឡើង និងធានាឱ្យមានតម្លាភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ