ប្រធានាធិបតីអាស៊ែបៃហ្សង់បានប្រកាសកាន់ទុក្ខជាតិបន្ទាប់ពីឧប្បតិ្តហេតុធ្លាក់យន្តហោះ
(VOVWORLD) - នាថ្ងៃទី ២៥ ខែធ្នូ ប្រធានាធិប តីអាស៊ែបៃហ្សង់ លោក Ilham Aliyev បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយប្រកាសថ្ងៃទី ២៦ ខែធ្នូ ជាថ្ងៃកាន់ទុក្ខជាតិក្នុងប្រទេសអាស៊ែបៃហ្សង់ទាក់ ទងនឹងឧប្បត្តិហេតុធ្លាក់យន្តហោះដឹកអ្នកដំណើររបស់ប្រទេសខ្លួននៅកាហ្សាក់ស្ថាន បណ្តាលឲ្យមនុស្សស្លាប់អស់ជាច្រើននាក់។
ហេតុការណ៍ធ្លាក់យន្តហោះ Azerbaijan Airlines (AZAL) នៅជិតអាកាសយានដ្ឋាន Aktau ប្រទេសកាហ្សាក់ស្ថាន ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ (រូបថត៖ THX/TTXVN) |
ប្រធានាធិបតី Ilham Aliyev ក៏បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារអ្នកស្លាប់ក្នុងឧបទ្ទវហេតុនេះ និងបានជូនពរឲ្យអ្នករបួសឆាប់ជាសះស្បើយ។
មុននោះ ការិយាល័យរដ្ឋអាជ្ញាទូទៅរបស់ប្រទេសអាស៊ែបៃហ្សង់ បានប្រកាសថា មនុស្សសរុបចំនួន ៣២ នាក់នៅរស់រានមានជីវិតពីការធ្លាក់យន្តហោះនេះ។ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ AZAL ម៉ាក់ Embraer ១៩០ ដែលហោះហើរពី Baku ទៅកាន់ Grozny ក្នុងប្រទេសរុស្ស៊ី បានធ្លាក់នៅជិតអាកាសយានដ្ឋាន Aktau របស់ប្រទេសកាហ្សាក់ស្ថាន ជាមួយនឹងមនុស្សចំនួន ៦៧ នាក់នៅលើយន្តហោះ។ ក្រុមហ៊ុនអាកាសចរណ៍ អាស៊ែបៃហ្សង់ AZAL បានប្រកាសថា ខ្លួននឹងផ្អាកជើងហោះហើរទាំងអស់ពី Baku ទៅកាន់សាធារណរដ្ឋ Chechen របស់រុស្ស៊ី រហូតដល់ពេលណាការស៊ើបអង្កេតលើករណីធ្លាក់យន្តហោះកាលពីពេលថ្មីៗនេះ ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់នេះ ត្រូវបានបញ្ចប់។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី ២៥ ខែធ្នូ បានផ្ញើលិខិតចូលរួមរំលែកទុក្ខដល់ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev បន្ទាប់ពីធ្លាក់យន្តហោះ នៅទីក្រុង Aktau ប្រទេសកាហ្សាក់ស្ថាន។ នៅថ្ងៃដដែលនោះ ប្រធានាធិបតីអ៊ីរ៉ង់ និងប្រធានាធិបតីស៊ែប៊ី ក៏បានផ្ញើសាររំលែកទុក្ខដល់ប្រជាជនអាស៊ែបៃហ្សង់ និងសមភាគីលោក Ilham Aliyev បន្ទាប់ពីឧប្បត្តិហេតុធ្លាក់យន្តហោះ៕