(VOVWORLD) - Hung Yen ជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានចំនួន ៣ ដំបូងគេនៅទូទាំងប្រទេសដែលសម្រេចបានគោលដៅកសាងជនបទថ្មី ដោយមានឃុំចំនួន ១០២ ដែលសម្រេចបានបទដ្ឋានជនបទថ្មីជឿនលឿន និងឃុំចំនួន ៣៦ សម្រេចបានបទដ្ឋានជនបទថ្មីគំរូគិតរហូតមកដល់ពេលបច្ចុប្បន្ន។ ការអភិវឌ្ឍវិស័យកសិកម្ម ដោយផ្សារភ្ជាប់នឹងការកសាងជនបទថ្មីជឿនលឿន និងជនបទថ្មីគំរូ បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទនៃខេត្ត Hung Yen ឱ្យកាន់តែមានភាពស៊ីវិល័យ និងទំនើប។
មកដល់ពេលនេះ ខេត្ត Hung Yen មានផលិតផល OCOP ចំនួន ១៩៩ មុខដែលត្រូវបានទទួលស្គាល់ចំណាត់ថ្នាក់ផ្កាយ ៣-៤ ។ (រូបថត៖ កម្មវិធី OCOP នៅខេត្ត Hung Yen) |
កម្មវិធីឃុំមួយមានផលិតផលកសិកម្មមួយ (OCOP) បានបង្កើតឥទ្ធិពលយ៉ាងខ្លាំងក្លា ដោយទាក់ទាញការចូលរួមពីគ្រប់មូលដ្ឋានទូទាំងខេត្ត ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ជួយបណ្ដាមូលដ្ឋានសម្រេចការកសាងជនបទថ្មីក្នុងពេលឆាប់ៗ។ ដោយមានថវិកាឧបត្ថម្ភរបស់ខេត្តចំនួន ៥,៥ ពាន់លានដុង (ប្រហែល ២១៧ ពាន់ដុល្លារអាមេរិក) ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គ្រឿងម៉ាស៊ីន និងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីបម្រើដល់ការផលិត និងកែច្នៃផលិតផលតាមស្តង់ដារ គាំទ្រការវេចខ្ចប់ ស្លាកសញ្ញា និងពន្លឿនពាណិជ្ជកម្ម មកទល់ពេលនេះ ខេត្ត Hung Yen មានផលិតផល OCOP ចំនួន ១៩៩ ដែលត្រូវបានទទួលស្គាល់ជាប់ចំណាត់ថ្នាក់ផ្កាយ ៣ និងផ្កាយ ៤។ អ្នកស្រី Ly Thi Ha នាយិកាសហករណ៍ផលិតកម្មបន្លែនិងផ្លែឈើសុវត្ថិភាព Van Giang បានឲ្យដឹងថា ចាប់តាំងពីទទួលបានវិញ្ញាបនបត្រ OCOP មក ចំនួនអតិថិជនមករកផលិតផលរបស់សហករណ៍បានកើនឡើងគួរឲ្យកត់សម្គាល់ ជាឧទាហរណ៍សម្រាប់ផ្លែត្របែក និងផ្លែសារីនោះ សហករណ៍ផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងបរិមាណប្រហែល ៣ តោនជារៀងរាល់ថ្ងៃ៖
“យើងខ្ញុំត្រូវកែលម្អគុណភាពផលិតផល ទើបទទួលបានវិញ្ញាបនបត្រ OCOP។ ហើយចាប់តាំងពីទទួលបានវិញ្ញាបនបត្រ OCOP មក អតិថិជនបានស្គាល់ដល់អង្គភាពកាន់តែច្រើនឡើងៗ។ ផលិតផលរបស់យើងខ្ញុំក៏ទទួលបានការវាយតម្លៃយ៉ាងល្អនៅលើទីផ្សារផងដែរ។ នាពេលខាងមុខ យើងខ្ញុំនឹងបន្តខិតខំប្រឹងប្រែងលើកកំពស់ចំណាត់ថ្នាក់ផ្កាយ ដើម្បីជ្រៀតចូលទីផ្សារថ្មី ទីផ្សារដែលមានតម្រូវការតឹងរឹង និងដើម្បីនាំចេញ”។
អ្នកស្រី Ly Thi Ha នាយិកាសហករណ៍ផលិតកម្មបន្លែនិងផ្លែឈើសុវត្ថិភាព Van Giang។ (រូបថត៖ baohungyen) |
ក្រោយពីចូលរួមក្នុងកម្មវិធី OCOP អង្គភាពនិងមូលដ្ឋានផលិតកម្មជាច្រើន មានការបោះជំហានដ៏ធំ ក្នុងការកែលម្អការរចនា និងការវេចខ្ចប់។ អាស្រ័យហេតុនោះ ផលិតផលទទួលបានការពេញនិយមពីសំណាក់អតិថិជនជាច្រើន។ ដើម្បីបន្តអភិវឌ្ឍន៍ផលិតផល OCOP Hung Yen នាពេលខាងមុខ លោក Hoang Anh Tuan អនុប្រធាននាយកដ្ឋានកសិកម្ម និងអភិវឌ្ឍន៍ជនបទ Hung Yen បានឲ្យដឹងថា៖
“ជំរុញខ្លាំងការងារឃោសនា និងគាំទ្រអង្គភាពនានា ដើម្បីលើកកំពស់សមត្ថភាពគ្រប់គ្រង អភិវឌ្ឍន៍ផលិតផល OCOP ដែលធានាបាននូវគុណភាព តភ្ជាប់រវាងការផ្គត់ផ្គង់និងតម្រូវការ។ តាមការរំពឹងទុកថា ជារៀងរាល់ឆ្នាំ ខេត្តនឹងអភិវឌ្ឍន៍ផលិតផល OCOP ពី ២៥ ទៅ ៣៥ មុខបន្ថែមទៀត”។
ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្មប្រកបដោយនិរន្តរភាព ខេត្ត Hung Yen ក៏ផ្តោតសំខាន់លើការជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធគ្រាប់ពូជ និងដំណាំ; ជំរុញការអនុវត្តស្តង់ដារផលិតកម្មដូចជា VietGAP, GlobalGAP, ការផ្ទៀងផ្ទាត់ប្រភពដើម... គួបផ្សំការធ្វើបរិវត្តកម្មឌីជីថលជាមួយកសិកម្មបច្ចេកវិទ្យាខ្ពស់ កសិកម្មស្អាត កសិកម្ម ៤.០ កសិកម្មឆ្លាតវៃ កសិកម្មសរីរាង្គ កសិកម្មវិលជុំ។ ប្រការនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ។ លោក Nguyen Van The នៅស្រុក Kim Dong ខេត្ត Hung Yen បានឲ្យដឹងថា៖
“យើងខ្ញុំប្រើប្រាស់ជីដែលមិនប៉ះពាល់ដល់បរិស្ថាន និងអនុវត្តន៍បច្ចេកវិទ្យាខ្ពស់។ អាស្រ័យហេតុនោះ ផលិតផលពេលលក់នៅលើទីផ្សារមានតម្លៃខ្ពស់ ហើយជាពិសេសអ្នកប្រើប្រាស់ មានការជឿជាក់យ៉ាងខ្លាំងណាស់”។
ដើម្បីកសាងវិស័យកសិកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ មានការអភិវឌ្ឍន៍យ៉ាងលឿន និងប្រកបដោយនិរន្តរភាព ផ្សារភ្ជាប់ជាមួយនឹងការកសាងជនបទថ្មីជឿនលឿន និងជនបទថ្មីគំរូនោះ នាពេលខាងមុខ ខេត្ត Hung Yen នឹងបន្តជំរុញការរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញតាមទិសដៅផលិតកម្មទំនិញខ្នាតធំ និងសុវត្ថិភាព អនុវត្តន៍បច្ចេកវិទ្យាខ្ពស់ បង្កើតផលិតផលប្រកបដោយផលិតភាព គុណភាព សមត្ថភាពប្រកួតប្រជែង និងនិរន្តរភាព។
ទន្ទឹមនឹងនោះ រៀបចំការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមឱ្យបានល្អនៅតំបន់ជនបទ ជួយឧបត្ថម្ភគ្រួសារក្រីក្រ និងជិតបន្ទាត់ក្រីក្រអភិវឌ្ឍន៍ផលិតកម្ម ដើម្បីរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។ លោក Le Trung Can នាយករងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Hung Yen ប្រធានការិយាល័យគណៈកម្មាធិការខេត្តដឹកនាំការកសាងជនបទថ្មីបានអះអាងថា៖
“គណៈកម្មាធិការដឹកនាំរបស់ខេត្ត តែងតែផ្ទៀងស្តាប់ ពិនិត្យ និងដាស់តឿនឱ្យមូលដ្ឋាននានា អនុវត្តន៍ការត្រួតពិនិត្យខ្លឹមសារ និងលក្ខណៈវិនិច្ឆ័យសម្រាប់ការកសាងជនបទថ្មី។ តាមរយៈនោះដើម្បីមានផែនការបន្តសុក្រិតលក្ខណៈវិនិច្ឆ័យ និងលើកកំពស់គុណភាព ដើម្បីបំពេញតាមតម្រូវការនៃដំណាក់កាលនីមួយៗ ជាពិសេសដំណាក់កាលឆ្នាំ ២០២១-២០២៥”។
នាបច្ចុប្បន្ន ខេត្ត Hung Yen មានឃុំចំនួន ១០២/១៣៩ សម្រេចបានស្តង់ដារជនបទថ្មីជឿនលឿន ស្មើនឹងអត្រា ៧៣,៤% មានឃុំចំនួន ៣៦ សម្រេចបានស្តង់ដារជនបទថ្មីគំរូ ស្មើនឹងអត្រា ២៦% ទីក្រុង Hung Yen ស្រុក Van Giang និងទីរួមខេត្ត My Hao មានចំនួនឃុំ ១០០% សម្រេចបានស្តង់ដារជនបទថ្មីជឿនលឿន។ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ខេត្ត Hung Yen ខិតខំឱ្យមានឃុំ ១០០% សម្រេចបានបានស្តង់ដារជនបទថ្មីជឿនលឿន ហើយឃុំចំនួន ៣០% សម្រេចបានបានស្តង់ដារជនបទថ្មីគំរូ។ គោលដៅគឺនៅឆ្នាំ ២០២៥ ខេត្តទាំងមូលនឹងមានឃុំ ១០០% សម្រេចបានស្តង់ដារជនបទថ្មីជឿនលឿន ចំនួនឃុំ ៥០% សម្រេចបានស្តង់ដារជនបទថ្មីគំរូ ហើយអង្គភាពថ្នាក់ស្រុកយ៉ាងហោចណាស់ ៣ អង្គភាពសម្រេចបានស្តង់ដារជនបទថ្មីជឿនលឿន។ ការអភិវឌ្ឍវិស័យកសិកម្ម ដោយផ្សារភ្ជាប់នឹងការកសាងជនបទថ្មីជឿនលឿន និងជនបទថ្មីគំរូ បានរួមចំណែកដើម្បីខេត្ត Hung Yen សម្រេចបានគោលដៅក្លាយជាខេត្តឧស្សាហ៍កម្មទំនើប ដោយមានទំហំសេដ្ឋកិច្ច និងកម្រិតអភិវឌ្ឍន៍ឈានមុខគេលើទូទាំងប្រទេសត្រឹមឆ្នាំ ២០៣០៕