ចំណុចភ្លឺនៃវិស័យនាំចូលនាំចេញក្នុងឆ្នាំ ២០២៤

(VOVWORLD) - ទំហំនាំចេញបានកើនឡើងក្នុងកម្រិតខ្ពស់ជាមួយនឹងការងើបឡើងវិញជាវិជ្ជមាននៃក្រុមទំនិញនាំចេញសំខាន់ៗ។

យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៅឆ្នាំ ២០២៤ ទំហំនាំចូល-នាំចេញសរុបរបស់វៀតណាមសម្រេចបានជិត ៨០០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥% បើធៀបនឹងឆ្នាំមុន និងជិត ៣ ដងច្រើនជាងផែនការដែលបានដាក់ចេញ។ នេះជាកម្រិតកំណត់ត្រាមិនធ្លាប់មានក្នុងរយៈពេលជិត៤០ឆ្នាំនៃការផ្លាស់ប្ដូរថ្មីប្រទេសជាតិ។ ទំហំនាំចេញបានកើនឡើងក្នុងកម្រិតខ្ពស់ជាមួយនឹងការងើបឡើងវិញជាវិជ្ជមាននៃក្រុមទំនិញនាំចេញសំខាន់ៗ។

ចំណុចភ្លឺនៃវិស័យនាំចូលនាំចេញក្នុងឆ្នាំ ២០២៤ - ảnh 1សកម្មភាពនាំចូលនិងនាំចេញទំនិញមានការងើបឡើងវិញយ៉ាងខ្លាំង ដែលជាចំណុចភ្លឺស្វាងនៃសេដ្ឋកិច្ចជាតិក្នុងឆ្នាំ ២០២៤។ រូបថត៖ tapchicongthuong.vn

ក្នុងនោះ ទំហំនាំចេញសរុបនៃកសិផល រុក្ខផលនិងជលផល ត្រូវបានប៉ាន់ប្រមាណថា សម្រេចបាន ៦២,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៨,៧% បើធៀបនឹងឆ្នាំ ២០២៣។ មុខទំនិញនាំមុខគេគឺបន្លែ ផ្លែឈើ ដែលរំពឹងថានឹងនាំមកនូវចំណូល ៧,២ ពាន់លានដុល្លារអាមេរិក។ នៅឆ្នាំ២០២៥ វៀតណាមដាក់ចេញគោលដៅក្លាយជាប្រទេសមួយក្នុងកំពូលប្រទេសទាំង ៥ ក្នុងការនាំចេញផ្លែឈើលើពិភពលោក។ លោក Dang Phuc Nguyễn អគ្គលេខាធិកាសមាគមបន្លែ និងផ្លែឈើវៀតណាមបានមានប្រសាសន៍ថា៖

“ឆ្នាំនេះសម្រេចបាន ៧,២ ពាន់លានដុល្លារអាមេរិក គឺនៅឆ្នាំក្រោយអាចឈានដល់ ៨ ពាន់លានដុល្លារ។ មានកត្តាថ្មីៗជាច្រើនបានលេចចេញដូចជា ផលិតផលទុរេនក្លាសេដូងស្រស់នាំចេញទៅប្រទេសចិន ផ្លែផាស៊ិន ដែលបច្ចុប្បន្នកំពុងចរចាជាមួយអាមេរិកដើម្បីនាំចេញ ហើយមានផលិតផលថ្មីៗចូលរួមផងដែរ”។

ចំណាត់ថ្នាក់លេខ២គឺអង្ករ។ ក្នុងឆ្នាំ២០២៤ វៀតណាមសម្រេចបានកំណត់ត្រាទាំងទិន្នផល និងចំណូលនាំចេញអង្ករ ជាមួយនឹងអង្ករ ៩ លានតោន ដោយមានតម្លៃជិត ៥,៨ ពាន់លានដុល្លារ។ ចំណាត់ថ្នាក់លេខ ៣ គឺកាហ្វេ។ ឆ្នាំនេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រនៃផ្នែកកាហ្វេវៀតណាម ដែលចំណូលនាំចេញលើសពី ៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

រួមជាមួយនឹងកាហ្វេ ផ្នែកគ្រាប់ស្វាយចន្ទីរបស់វៀតណាមក៏បានកត់ត្រានូវសញ្ញាសម្គាល់ប្រវត្តិសាស្ត្រជាមួយនឹងទំហំនាំចេញឈានដល់ ៤,៣ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៩% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ តាមនោះ រក្សាឋានៈជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីលេខ ១ របស់ពិភពលោកអស់រយៈពេលជិត ២ ទសវត្សរ៍កន្លងមក។

ក្រៅពីចំណុចលេចធ្លោនៃវិស័យកសិកម្ម ការនាំចេញវាយនភណ្ឌក៏ជាចំណុចគួរឲ្យកត់សម្គាល់ផងដែរ ដែលឆ្នាំនេះត្រូវបានគេរំពឹងថានឹងសម្រេចបាន ៤៤ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១១% បើធៀបនឹងឆ្នាំ ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ